រថយន្ត September 10, 2019 lyda
កំពូលរថយន្តលឿនបំផុតក្នុងពិភពលោក Chiron Super Sport 300+ នឹងមានលក់តែ ៣០គ្រឿងប៉ុណ្ណោះ ក្នុងតម្លៃចាប់ពី ៣.៩លានដុល្លារអាមេរិក

ថ្មីៗកន្លងទៅនេះក្រុមហ៊ុន Bugatti ទើបតែបានបំបែកកំណត់ត្រថ្មី ជាមួយនឹងម៉ូដែល Chiron គំរូ (prototype) របស់ខ្លួនក្នុងល្បឿនជាង 300 ម៉ាយ/ម៉ោង នៅឯផ្លូវសាកល្បង Ehra-Lessien របស់ប្រទេសអាល្លឺម៉ង់។ វាគឺជាកំពូល Hypercar ដំបូងបង្អស់ ដែលអាចឈានដល់ល្បឿនអតិបរមា 304.77 ម៉ាយ/ម៉ោង (490.47 គីឡូម៉ែត្រ/ម៉ោង) ដោយសារការកែលម្អផ្នែកមេកានិច និងរូបវ័ន្តមួយចំនួននៃរថយន្ត។ សម្រាប់ព័ត៌មានត្រួសៗវាត្រូវបានគេឱ្យដឹងថា ត្រូវបានបំពាក់ដោយម៉ាស៊ីន W16 (quad-turbo) ទំហំចំណុះ 8.០លីត្រ ដែលអាចផលិតកម្លាំងហ្វ្រាំងសេះ (BHP) បានរហូតដល់ 1,578 ។

ដំបូងឡើយពួកយើងមិនទាន់ដឹងច្បាស់ថា Bugatti មានបំណងនឹងអាចចេញលក់ម៉ូដែលនេះនោះទេ! ប៉ុន្តែពេលនេះពួកគេបានបញ្ជាក់ថា នឹងដាក់ចេញលក់ និងដល់ដៃអ្នកបើកបរនៅពាក់កណ្ដាល ឆ្នាំ2021 ។ ម៉ូដែល Chiron Super Sport 300+ នេះក៏នឹងកំពុងត្រៀមខ្លួនបង្ហាញរូបរាងជាផ្លូវការនៅឯ Frankfurt Motor Show ផងដែរ។ សម្រាប់រូបរាងជាផ្លូវការរបស់វាក៏មិនខុសអ្វីពីរូបរាងគំរូដែរ ដែលបានសាកនៅលើផ្លូវ Ehra-Lessien របស់ប្រទេសអាល្លឺម៉ង់។ Bugatti Chiron Super Sport 300+ នឹងមានលក់តែ 30គ្រឿង ប៉ុណ្ណោះ ហើយតម្លៃវិញគឺចាប់ពី 3.9លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានបន្ថែមសូមរង់ចាំពិព័រណ៍ម៉ូតូហ្វ្រែងហ្វើត (Frankfurt Motor Show) ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី12 ខែកញ្ញានេះ៕

អត្ថបទ៖ លីដា