រថយន្ត September 11, 2019 lyda
Lamborghini Sián FKP 37 កំពូលរថយន្តស្ព័រកូនកាត់ ប្រើប្រាស់ប្រព័ន្ធ Supercapacitor ដំបូងបំផុត និងល្បឿនលឿនបំផុត ក្នុងចំណោមគ្រួសារ Lambo

កំពូលរថយន្តស្ព័រកូនកាត់ Lamborghini Sián FKP 37 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍ម៉ូតូហ្វ្រែងហ្វើត (Frankfurt Motor Show) ដែលចាប់ផ្ដើមនៅថ្ងៃស្អែកនេះផ្ទាល់តែម្ដង គឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ2019 ។ ជាម៉ូដែលមានល្បឿនលឿនបំផុតរបស់ Lambo និងត្រូវបានរចនាឡើងបែបអនាគត ផ្អែកតាមស្តាយ និង DNA របស់ម៉ាក។ វានៅតែប្រើម៉ាស៊ីន V12 ដែលជាម៉ាស៊ីនមានភាពលេចធ្លោជាងគេនាពេលបច្ចុប្បន្ន ហើយ Sián ត្រូវបានបង្កើតឡើងអមជាមួយបច្ចេកវិទ្យាកូនកាត់ដំបូងបំផុត ដែលស្នងតំណែងពីម៉ូដែល Aventador ផ្តល់នូវអារម្មណ៍ពិសេស និងសមត្ថភាពប្រកបដោយថាមពល ដែលស្របតាមតម្រូវការបច្ចេកវិទ្យានាពេលអនាគត។

បច្ចេកវិទ្យា Supercapacitor និងម៉ាស៊ីន V12 រួមបញ្ចូលគ្នា បានធ្វើឱ្យ Lamborghini Sián អាចផ្តល់ថាមពលសរុប 819សេះ ហើយវានឹងមានសន្ទុះពី 0-100គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលតែ 2.8វិនាទី និងឈានដល់ល្បឿនអតិបរិមា 350គីឡូម៉ែត្រ/ម៉ោង។ Sián មានន័យថា «ពន្លឺផ្លេកបន្ទោរ» ជាគ្រាមភាសារបស់អ្នកស្រុក Bologna ក្នុងប្រទេសអ៊ីតាលី។ ចំណែក FKP 37 គឺជាការរំលឹកដល់អតីតប្រធាន Volkswagen Group លោក Ferdinand Karl Piech ដែលបានកើតនៅ ឆ្នាំ1937 និងទើបតែលាចាកលោកកាលពីខែសីហា ឆ្នាំ2019 កន្លងទៅថ្មីៗ។

Lamborghini Sián មានតម្លៃចាប់ពី 3.6លានដុល្លារអាមេរិក។ វាជាប្រភេទ Limited Edition ដូច្នេះទោះបីជាអ្នកមានលុយក៏ដោយ អ្នកប្រហែលជាអាចនឹងទិញមិនទាន់គេនោះទេ។ ម៉្យាងវិញទៀតឮថា Lamborghini ទាំង 63គ្រឿង ដែលកំពុងផលិតក៏លក់ចេញអស់ហើយដែរ៕

អត្ថបទ៖ លីដា