រោងចក្រផលិត iPhone នៅចិនកំពុងរំលោភបំពានច្បាប់ការងារពីបុគ្គលិក
បច្ចេកវិទ្យា September 10, 2019 Khmernote

ក្រុមអ្នកឃ្លាំមើលលើច្បាប់ការងាររបស់ប្រទេសចិនបានធ្វើការបញ្ជាក់បង្ហាញថា រោងចក្រ Foxconn ជាច្រើនកន្លែងកំពុងតែធ្វើសកម្មភាពរំលោភបំពានទៅលើការងារ ដែលបានចែងក្នុងច្បាប់របស់ប្រទេសចិន។

Foxconn ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជារោងចក្រផលិតផលិតផលទាំងឡាយរបស់ក្រុមហ៊ុនយក្សអាមេរិក Apple ហេតុដូចនេះហើយសូម្បីតែការិយាល័យធំរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋានៅទីក្រុង Cupertino សហរដ្ឋអាមេរិកមួយនេះក៏បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់នេះផងដែរ។

ជាលទ្ធផល Apple បានទទួលស្គាល់នូវកំហុសមួយចំនួនក្នុងការចោទប្រកាន់ទាំងអស់ ដែលមួយក្នុងចំណោមនោះគឺកម្លាំងការងាររបស់រោងចក្រដល់ទៅ៥០%គឺបានមកពីបុគ្គលិកបណ្តោះអាសន្ន ដែលច្បាប់របស់ប្រទេសចិនបានចែងថា អនុញ្ញាតឲ្យបុគ្គលិកណ្តោះអាសន្នតែ១០%ប៉ុណ្ណោះ។

Apple ក៏បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើការជាមួយនឹង Foxconn ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែជឿជាក់ថាការផ្លាស់ប្តូរទាំងឡាយទៅលើករណីភ្លាមៗនឹងអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅដល់ផលិតកម្មផលិតទូរស័ព្ទ iPhone សម្រាប់ឆ្នាំនេះជាមិនខាន។

របាយការណ៍ចោទប្រកាន់បានបញ្ជាក់ថា Foxconn បានប្រើប្រាស់កម្លាំងកម្មករ ដែលភាគច្រើនសិស្សនិស្សិតមក intern ការងារ ដែលពួកគេនឹងតម្រូវឲ្យធ្វើការងារបន្ថែមម៉ោងទោះបីជាក្រុមហ៊ុនបានអះអាងថា វាត្រូវបានធ្វើឡើងដោយការស្ម័គ្រចិត្តក្តី៕

អត្ថបទ៖ Lee