ព័ត៌មានជាតិ September 10, 2019 Khmernote
ក្តៅៗ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធ ចំពោះ Facebook Page មួយចំនួនដែលបានចុះផ្សាយថានគរបាលចរាចរណ៍បានប្រេីហិង្សាវាយលេីស្ត្រីម្នាក់អោយធ្លាក់ពីលេីម៉ូតូ

ថ្មីៗនេះមានការចុះផ្សាយពេញបណ្តាញសង្គមថា មន្ត្រីចរាចរណ៍តាមបណ្តោយផ្លូវនរោត្តម ប្រើហិង្សាវាយស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូ និងប្រើប្រាស់សម្តីខ្លាំងទៀត។ ក្រោយពីមានការចុះផ្សាយ និងបង្កឲ្យមានការភ័ន្តច្រឡំ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វេីការបដិសេធ នៅរសៀលថ្ងៃនេះ ចំពោះFacebook Page មួយចំនួនដែលបានចុះផ្សាយថានគរបាលចរាចរណ៍បានប្រេីហិង្សាវាយលេីស្ត្រីម្នាក់អោយធ្លាក់ពីលេីម៉ូតូ។ ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយយ៉ាងដូច្នេះថា៖

“នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:៥០នាទី មានករណីនារីម្នាក់បានបេីកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដោយមិនគោរពភ្លេីងស្តុបពណ៌ក្រហម នៅពេលនោះមន្ត្រីចរាចរណ៍ចំនួន២រូបដែលប្រចាំការនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុច ធនាគារ Booyong បានចេញមកធ្វេីការឃាត់អោយឈប់ ប៉ុន្តែដោយគាត់បេីកលឿនពេកក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃប៉ូលិស បណ្តាលអោយដួល ប៉ុន្តែមិនមានការរងរបួសធ្ងន់ធ្ងរទេ សមត្ថកិច្ចទាំងពីរក៏បានជួយលេីកនារីរងគ្រោះភ្លាមៗ ប៉ុន្តែនារីជនរងគ្រោះបានធ្វេីការសុំទោសមកលេីសមត្ថកិច្ច ហេីយសុំធ្វេីដំណេីរបន្តទៅមុខទៀតដោយគាត់មានការប្រញាប់។

ទោះបីជាយ៉ាងនេះក្តីក៏ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហៅមន្ត្រីទាំង២រូបនោះមកធ្វេីការសាកសួរ និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង ដោយអោយមកបំរេីការងារនៅក្នុងការិយាល័យមួយរយៈ។ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នាជៀសវាងគ្រោះថ្នាក់ដែលអាចកេីតមានឡេីងជាយថាហេតុ ព្រោះនៅពេលដែលមន្ត្រីចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែងតែមានអ្នកបេីកបរជាច្រេីនមិនគោរពច្បាប់ ភ្លេីងសញ្ញាចរាចរណ៍ ជាពិសេសមិនគោរពសមត្ថកិច្ច”៕