បច្ចេកវិទ្យា September 11, 2019 Khmernote
iPhone 11 កាមេរ៉ា៣គ្រាប់បានបង្ហាញខ្លួនជាផ្លូវការហើយ

កាលពីកណ្តាលអធ្រាត្រយប់មិញនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន៣ម៉ូដែល គឺ iPhone 11, 11 Pro និង 11 Pro Max ដែលឆ្នាំនេះក្រុមហ៊ុន Apple បានដំឡើងកាណុងកាមេរ៉ានៅលើស៊េរីមានរហូតដល់ទៅ៣គ្រាប់ឯណោះ។ ឥលូវយើងលើកយកតែស៊េរី Pro មកនិយាយសិន។

រូបរាង៖

iPhone 11 នៅឆ្នាំនេះហាក់មិនសូវមានការផ្លាស់ប្តូរច្រើនដូចជំនាន់ iPhone 8 មក iPhone X ឡើយ ហើយអ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតសម្រាប់ iPhone 11 នោះគឺខ្នងក្រោយ ដោយក្រុមហ៊ុន Apple បានផ្លាស់ប្តូរទីតាំង Logo មកនៅចំកណ្តាលខ្នងទូរស័ព្ទវិញ ហើយទីតាំងកាមេរ៉ាវិញត្រូវបានរចនាឡើងមានស៊ុមការ៉េដ៏ធំព័ទ្ធជុំកាមេរ៉ា៣គ្រាប់។ ក្រៅពីនេះវានៅរក្សារចនាបទចាស់ដដែលដូចជាមានក្បាលឆកយ៉ាងធំខាងមុខដដែល មានទំហំដដែល ហើយអ្វីសំខាន់មួយទៀតនោះគឺ Apple នៅតែប្រើរន្ធដោត Lighting ដដែល ដោយមិនព្រមឈានទៅប្រើរន្ធ USB-C សោះ។

កម្លាំងម៉ាស៊ីន៖

iPhone 11 Pro និង 11 Pro Max រត់លើបន្ទះឈីប A13 Bionic ដែលជាបន្ទះឈីបចុងក្រោយបង្អស់ ហើយបន្ទះឈីបនេះធ្វើឲ្យ CPU ដំណើរលឿនជាងមុន 20% តែស៊ីថ្មតិចជាងមុន 40% និង GPU ដំណើរលឿនជាងមុន 20% តែស៊ីថ្មតិចជាងមុន 30% ។ ចំពោះថាមពលថ្មវិញ Apple អះអាងថា iPhone 11 Pro មានថ្មកាន់ជាងមុនអាចប្រើបានលើសស៊េរីមុន 4ម៉ោង ចំណែកឯ 11 Pro Max វិញអាចប្រើបានលើសមុនដល់ទៅ 5ម៉ោង ហើយលើកនេះ Apple ចិត្តល្អដាក់ក្បាលឆ្នាំសាក 18W ក្នុងប្រអប់មកស្រាប់ (លែងលក់ក្រៅហើយ) តែម្តង ដែលអាចបញ្ចូលថ្មពី 0 – 50% ចំណាយពេលតែកន្លះម៉ោងប៉ុណ្ណោះ។ ហើយ iPhone 11 ក៏នៅតែមានអាវក្រោះការពារទឹក និងធូលី IP68 ផងដែរ។

កាមេរ៉ា៖

ឆ្នាំនេះ Apple ដំឡើងកាណុងកាមេរ៉ា iPhone 11 Pro និង 11 Pro Max ដល់ទៅ៣គ្រាប់ ដើម្បីកុំឲ្យចាញ់គូប្រកួតប្រជែង ដោយទាំង៣គ្រាប់ទំហំ 12MP ដូចគ្នា គ្រាន់តែមានមុខងារផ្សេងគ្នា ទី១ សម្រាប់ថតប្លង់ធូលាយធម្មតា មាន f/1.8 ទី២ សម្រាប់ថតប្លង់ធូលាយ ultrawide ដល់ 120ដឺក្រេ មាន f/2.8 និងទី៣ សម្រាប់ថតប្លង់ telephoto មាន f/2.0 ហើយកាមេរ៉ាទាំង៣គ្រាប់នេះអាចដំណើរការឆ្នាស់គ្នាទៅវិញទៅមកបានទាំងការថតរូប និងការថតវីដេអូ រីឯកាមេរ៉មុខវិញ មានទំហំ 12MP f/2.2 ដែលថត selfie បានយ៉ាងច្បាស់ និងមានមុខងារ Slofie ដែលអាច selfie លក្ខណៈ slow motion បានដល់ 120fps ផងដែរ។ សម្រាប់ការថតវីដេអូវិញ iPhone 11 មានសមត្ថភាពថតវីដេអូបានដល់ 4K 60fps ជាមួយនឹងមុខងារ Audio Zoom គឺស្រូបសំលេងទៅប្លង់យើង Zoom ដែលស្រដៀងនឹងមុខងាររបស់ Galaxy Note 10 ផងដែរ។

តម្លៃ៖

iPhone 11 Pro:

+ មានតម្លៃចាបើពី $999 សម្រាប់ម៉ូដែល 64GB
+ មានតម្លៃចាបើពី $1,149 សម្រាប់ម៉ូដែល 256GB
+ មានតម្លៃចាបើពី $1,349 សម្រាប់ម៉ូដែល 512GB

iPhone 11 Pro Max:

+ មានតម្លៃចាបើពី $1,099 សម្រាប់ម៉ូដែល 64GB
+ មានតម្លៃចាបើពី $1,249 សម្រាប់ម៉ូដែល 256GB
+ មានតម្លៃចាបើពី $1,449 សម្រាប់ម៉ូដែល 512GB

ខាងលើជាតម្លៃចេញពី Apple store ហើយតម្លៃអាចប្រែប្រួលសម្រាប់ទីផ្សារស្រុកខ្មែរ

អត្ថបទ៖ សេម