អន្តរជាតិ September 11, 2019 lyda
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិចេញពីតំណែង មូលហេតុដោយសារគាត់ចូលចិត្តចំទាស់ពេក

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបណ្តេញទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន (John Bolton) ចេញពីតំណែង។ លោក ត្រាំ បានសរសេរសេចក្ដីបញ្ជាក់នៅលើ Twitter កាលពីថ្ងៃអង្គារថា លោកបានជូនដំណឹងដល់លោក ចន បូលតុន ថាសេតវិមានលែងត្រូវការគាត់ទៀតហើយ។ លោក ត្រាំ បានបន្ថែមថា លោកមិនយល់ស្របនឹងយោបល់ជាច្រើនរបស់លោកទីប្រឹក្សាឡើយ។ ហើយលោកទាមទារឱ្យទីប្រឹក្សាសន្តិសុខជាតិ សរសេរលិខិតសុំលាលែងពីតំណែងភ្លាម និងក៏សូមអរគុណដល់កិច្ចប្រឹងប្រែងរបស់លោក ចន បូលតុន កន្លងមក។

លោក ចន បូលតុន ត្រូវបានគេស្គាល់ថា ជាអ្នកអភិរក្សប្រកាន់ជំហរតឹងរឹង ហើយបានបង្ហាញពីការត្រៀមខ្លួនប្រើកម្លាំងប្រឆាំងនឹងបណ្តាប្រទេសនានាផ្ទុយពីសហរដ្ឋអាមេរិក។ គាត់គឺជាអនុរដ្ឋលេខាធិការ សម្រាប់ការគ្រប់គ្រងអាវុធរវាង ឆ្នាំ២០០១ និង ២០០៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ចច ដាប់ប៊លយូប៊ូស (George W. Bush)។ លោក បូលតុន បានក្លាយជាទីប្រឹក្សាសន្តិសុខជាតិកាលពីឆ្នាំមុន បន្ទាប់ពីលោក H.R. McMaster ត្រូវបានបណ្តេញចេញ។ លោក បូលតុន បានដឹកនាំសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ គាត់ក៏ចូលរួមក្នុងការចរចាជាមួយកូរ៉េខាងជើងដែរ។

មួយរយៈនេះលោក ត្រាំ បានចាប់ផ្តើមចូលចិត្តការសន្ទនាជាមួយកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ប៉ុន្តែមានគេនិយាយថា លោក បូលតុន មិនយល់ស្របនឹងលោក ត្រាំ ទេ។ លោក បូលតុន ក៏មិនបានអមដំណើរប្រធានាធិបតីនៅពេលកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទី៣ ត្រូវបានធ្វើឡើងក្នុងខែមិថុនា។ លោក បូលតុន ក៏ត្រូវបានគេនិយាយផងដែរថា មានការខ្វែងគំនិតគ្នាជាមួយលោក ត្រាំ និងលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសស្តីពីគោលនយោបាយជាមួយអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន៕

អត្ថបទ៖​ លីដា