ព័ត៌មាន September 11, 2019 lyda
ការធ្វើអត្តឃាតគឺជាបុព្វហេតុឈានមុខទី២ ដែលធ្វើឱ្យមនុស្សស្លាប់ ហើយជារៀងរាល់ ៤០វិនាទី មនុស្សម្នាក់ត្រូវបាត់បង់ជីវិត

អង្គការសុខភាពពិភពលោកបានឱ្យដឹងថា រៀងរាល់ ៤០វិនាទី មនុស្សម្នាក់បាត់បង់ជីវិតដោយសារការធ្វើអត្តឃាត ហើយមនុស្សជិត ៨០០,០០០នាក់ ទូទាំងពិភពលោកបានស្លាប់ ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។ ការធ្វើអត្តឃាតនេះ គឺជាបុព្វហេតុឈានមុខគេ ទី២ នៃការស្លាប់ក្នុងចំណោមក្មេងអាយុពី ១៥-២៩ឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះផងដែរប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ ទី៣២ ជាមួយការធ្វើអត្តឃាតប្រមាណ ១៤.៤ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ឬជិត ១០,០០០ នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន។ ថៃបានជាប់លេខ១ ក្នុងប្រទេសនៅតំបន់អាស៊ាន ដែលមានការធ្វើអត្តឃាតច្រើនបំផុត ខណៈដែលសិង្ហបុរីជាប់លេខ២, ឡាវជាប់លេខ៣ និងកម្ពុជាជាប់លេខ៧។

ចំណែកឯប្រទេសប្រ៊ុយណេដែលស្ថិតនៅតំបន់អាស៊ានដូចគ្នា គឺមិនជាប់ឈរក្នុងបញ្ជី ដែលមានប្រទេសចូលរួមចំនួន ១៨៣ នេះទេ។ ខណៈដែល WHO កត់សម្គាល់ថា ចំនួនប្រទេសដែលមានយុទ្ធសាស្រ្តបង្ការការធ្វើអត្តឃាតថ្នាក់ជាតិបានកើនឡើងដល់ ៣៨ ក្នុងរយៈពេល ៥ឆ្នាំ ចាប់តាំងពីការចេញផ្សាយរបាយការណ៍ពិភពលោកដំបូងស្តីពីការធ្វើអត្តឃាត លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា វានៅមានចំនួនតិចតួចនៅឡើយ ហើយរដ្ឋាភិបាលត្រូវប្តេជ្ញាបង្កើតយុទ្ធសាស្រ្តនេះ ដើម្បីការពារដល់ជនរងគ្រោះទាំងនោះ។

អត្ថបទ៖ លីដា