មនុស្សជាង ៤០លាននាក់ជុំវិញពិភពលោក ​កំពុងស្ថិត​ក្នុង​ទាសភាព​សម័យ​ទំនើប ហើយស្ត្រី និងកុមាររងផលប៉ះពាល់បំផុត
អន្តរជាតិ September 11, 2019 lyda

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងរបាយការណ៍មួយ សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទថា ឧប្បត្តិហេតុនៃទាសភាពសម័យថ្មី ទំនងជាកើនឡើងដោយសារតែលទ្ធផលនៃបញ្ហាធំៗមួយចំនួន ដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។ អ្នករាយការណ៍ពិសេសស្តីពីទំរង់ទាសភាពសម័យបច្ចុប្បន្ន គឺអ្នកស្រី Urmila Bhoola មានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាជនជាង ៤០លាននាក់ ជាទាសករនៅជុំវិញពិភពលោក ហើយមួយភាគបួននៃពួកគេគឺជាកុមារ។

បញ្ហាគឺដោយសារការបំផ្លាញបរិស្ថាន ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរប្រជាសាស្ត្រប្រជាជន ហើយចំនួននៃទាសភាពសម័យថ្មី ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះ។ អ្នកស្រី Bhoola បាននិយាយថា ជាង ៦០ភាគរយ នៃអ្នកធ្វើការដោយបង្ខំក្នុងវិស័យឯកជន គឺស្ត្រី និងក្មេងស្រី ដែលរងផលប៉ះពាល់យ៉ាងច្រើន។ ក្នុងចំណោមជនរងគ្រោះជាស្ត្រី ដែលជាប់ទាក់ទងនឹងពលកម្មដោយបង្ខំ មាន ៩៨ភាគរយ មានការរំលោភខាងផ្លូវភេទ។

ការប៉ាន់ប្រមាណជាសកលពីអង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញថា ប្រជាជន ២៤.៩លាននាក់ ស្ថិតក្នុងស្ថានភាពពលកម្មដោយបង្ខំនៅទូទាំងពិភពលោក ហើយ ១៥.៤លាននាក់រស់នៅដោយបង្ខំឱ្យរៀបការ។ និន្នាការនេះ “ត្រូវតែដើរតួជាការដាស់អារម្មណ៍” ហើយពួកគេក៏កំពុងជម្រុញកំណត់គោលដៅក្នុងគោលបំណងបំបាត់ការជួញដូរ បញ្ចប់អំពើហិង្សាលើស្ត្រី និងលុបបំបាត់ទាសភាពសម័យទំនើបនេះ៕

អត្ថបទ៖ លីដា