បច្ចេកវិទ្យា September 11, 2019 lyda
ការសិក្សាថ្មីមួយបានអះអាងថា មនុស្សក្រៅភពប្រហែលជាបានស្វែងយល់ពីកាឡាក់ស៊ី និងធ្លាប់បានចុះមកផែនដីរួចទៅហើយ

ការសិក្សាថ្មីមួយបានអះអាងថា កាឡាក់ស៊ីមីលគីវ៉េរបស់យើងអាចពោរពេញដោយមនុស្សភពផ្សេងប៉ុន្តែយើងមិនបានដឹងឡើយ ព្រោះថាពួកគេមិនបានចុះឈប់ចតនៅផែនដី សម្រាប់ដំណើរក្រៅភពក្នុងរយៈពេលរាប់លានឆ្នាំមកនេះ។ យោងតាមការសិក្សាដែលបានចុះផ្សាយកាលពីខែមុនក្នុងទិនានុប្បវត្តិតារាសាស្ត្រ (Astronomical Journal) បានឱ្យដឹងថា ជីវិតក្រៅភពអាចនឹងបានស្វែងយល់ពីកាឡាក់ស៊ី ហើយអាចសូម្បីតែប្រើចលនានៃប្រព័ន្ធរបស់នៃតារា ដើម្បីធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលទៀតផង។

ការសិក្សានេះគឺជាការឆ្លើយតបចុងក្រោយទៅនឹងអ្វីដែលត្រូវបានគេស្គាល់ថាជា ហ្វារមីផារ៉ាដុក (Fermi paradox) ដែលបានឆ្ងល់ថា ហេតុអ្វីបានជាយើងមិនទាន់រកឃើញសញ្ញានៃជីវិតក្រៅភព។ «ហ្វារមីផារ៉ាដុក» ជាការឱ្យឈ្មោះតាមរូបវិទូជនជាតិអាមេរិកាំង-អ៊ីតាលីលោក Enrico Fermi ដែលបានចោទជាសំណួរនេះកាលពី ឆ្នាំ១៩៥០ ថា «តើអ្នកមិនធ្លាប់ឆ្ងល់ទេថា អ្នករាល់គ្នានៅទីណាខ្លះ?» ឬ «But where is everybody?» ដែលកាលនោះគាត់ធ្លាប់បានគិតថា អាចនឹងមានជីវិតក្រៅភពពិតមែន ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់។

យ៉ាងណាមិញលោក Jonathan Carroll-Nellenback ជាអ្នកវិទ្យាសាស្រ្តផ្នែកវិទ្យាសាស្ត្រ និងជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖ «ប្រសិនបើអ្នកមិនគិតពីចលនារបស់ផ្កាយ នៅពេលអ្នកព្យាយាមដោះស្រាយបញ្ហានេះ អ្នកនឹងមានដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយពីរ»។ គាត់បានបន្ថែមថា៖ «វាមិនមែនគ្មាននរណាម្នាក់ចាកចេញពីភពផែនដីរបស់ពួកគេ ឬតាមពិតយើងជាអរិយធម៌បច្ចេកវិទ្យាតែមួយគត់នៅក្នុងកាឡាក់ស៊ីនោះទេ»។​

តារារួមជាមួយភពនៅជុំវិញពួកគេ ធ្វើដំណើរជុំវិញគន្លងកណ្តាលនៃមីលគីវ៉េ នៅលើផ្លូវប្លែកៗ ក្នុងល្បឿនខុសៗគ្នា ហើយពេលខ្លះពួកគេបង្រួមគ្នាទៅវិញទៅមកតាមដែលពួកគេធ្វើបាន។ លោក Carroll-Nellenback ចង់ចង្អុលបង្ហាញថា ជីវិតក្រៅភពអាចនឹងកំពុងតែរង់ចាំទិសដៅបន្ទាប់ឱ្យមកជិតខ្លួនពួកគេ។ ក្នុងករណី​នេះអាចនិយាយបានថា ជីវិតក្រៅភពធ្លាប់បានធ្វើការស្វែងរកភពដទៃទៀត ហេតុដូច្នេះវាមានន័យថា ពួកគេមិនធ្លាប់មកកាន់ផែនដី ឬបានមកផែនដីរួចទៅហើយ ប៉ុន្តែពួកយើងកើតមិនទាន់៕

អត្ថបទ៖ លីដា
ប្រភព៖ businessinsider