ព័ត៌មាន September 11, 2019 lyda
បុរសជប៉ុនម្នាក់មានសមត្ថភាពចងចាំព័ត៌មានរហូតដល់ ១,៣០០ ប័ណ្ណឥណទាន ប៉ុន្តែបែកគំនិតលួចទិញទំនិញអនឡាញ ទីបំផុតត្រូវចាប់ខ្លួន

ជប៉ុន៖ យោងតាម SoraNews24 បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ Yusuke Taniguchi អាយុ ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទលួចព័ត៌មានប័ណ្ណឥណទានរបស់មនុស្សជាង ១,៣០០នាក់ និងប្រើប្រាស់វា ដើម្បីទិញរបស់របរនៅលើអ៊ីនធឺណិត។ យោងតាមប៉ូលីសបាននិយាយថា លោក Yusuke ធ្វើការជាអ្នកគិតលុយក្រៅម៉ោងនៅក្នុងផ្សារមួយនៅតូក្យូ របស់ប្រទេសជប៉ុន។ ជាមួយនឹងការចងចាំរូបភាពរបស់គាត់ គាត់ត្រូវការពេលវេលាតែពីរបីនាទីប៉ុណ្ណោះ ដើម្បីទន្ទេញចាំព័ត៌មានលម្អិតទាំងអស់នៅលើកាតឥណទាន (ទាំងលេខកាត កាលបរិច្ឆេទផុតកំណត់ CVV និងឈ្មោះ) ដែលបានប្រគល់ឱ្យគាត់ពេលកំពុងគិតលុយ។

បន្ទាប់ពីលោក Yusuke ត្រូវបានចាប់ខ្លួន ប៉ូលីសបានរកឃើញសៀវភៅកត់ត្រាតូចមួយ ដែលមានឈ្មោះរាប់រយ និងព័ត៌មានលម្អិតអំពីកាតរបស់ជនរងគ្រោះទាំងនោះ។ យ៉ាងណាក៏ដោយប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតអំពីទំហំនៃប្រតិបត្តិការរបស់គាត់ និងមើលថា តើគាត់បានធ្វើវារយៈពេលប៉ុណ្ណាមកហើយ។ ទោះបីជាលោក Yusuke ជាមនុស្សពូកែមែន ប៉ុន្តែគាត់បានធ្វើអ្វីដែលល្ងង់ខ្លៅ ដែលនាំឱ្យឈានដល់ការចាប់ខ្លួន។

លោក Yusuke គាត់បានប្រើព័ត៌មានលម្អិតនៃកាតឥណទាន ដើម្បីទិញកាបូបចំនួន ២ ដែលមានតម្លៃប្រហែល ២៧០,០០០ យ៉េន (២,៥០០ដុល្លារអាមេរិក) ប៉ុន្តែគាត់ភ្លាត់​ស្នៀត ដោយដាក់អាសយដ្ឋានផ្ទះរបស់គាត់ ជាអាស័យដ្ឋានសម្រាប់គោលដៅទទួលទំនិញ ជាហេតុដែលធ្វើឱ្យគាត់ត្រូវប៉ូលីសចាប់ខ្លួនបាន។ Yusuke Taniguchi ក៏បានសារភាពដែរថា មូលហេតុដែលគាត់ទិញទំនិញទាំងនេះ គឺដើម្បីយកវាទៅបញ្ជាំ និងទទួលបានលុយពីហាងបញ្ជាំទៅទិញអ្វីផ្សេងដែលគាត់ចង់បាន៕

អត្ថបទ៖ លីដា