ព័ត៌មាន September 12, 2019 Khmernote
ការសិក្សាមួយបានរកឃើញថា អ្នកទាបៗប្រឈមនឹងការកើតមានជំងឺនោមផ្អែមខ្លាំងជាងអ្នកខ្ពស់ៗ

ការសិក្សាមួយបានរកឃើញថា អ្នកទាបៗអាចប្រឈមទៅនឹងការកើតមានជំងឺទឹកនោមផ្អែមខ្ពស់ បើធៀបទៅនឹងអ្នកខ្ពស់ៗ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Potsdam ក្នុងប្រទេសអាឡឺម៉ង់ និងបានសិក្សាទៅលើមនុស្សប្រុសចំនួន ១១​ ០០០ នាក់ និងមនុស្សស្រី ១៦ ៦០០ នាក់ មានអាយុចន្លោះពី ៤០ ទៅ ៦៥ និងមានកម្ពស់ផ្សេងៗគ្នា។ ការសិក្សាបានបង្ហាញថា បើគេប្រៀបធៀបមនុស្សប្រុសពីរនាក់ដែលមានកម្ពស់ខុសគ្នា ១០ សង់ទីម៉ែត្រនោះគឺមនុស្សប្រុសដែលទាបនោះអាចប្រឈមនឹងការកើតមានជំងឺនោមផ្អែមខ្ពស់រហូតដល់ ៤១% បើធៀបទៅនឹងបុរសម្នាក់ទៀត។ ដោយឡែកបើធ្វើការប្រៀបធៀបដូចគ្នានេះសម្រាប់ស្រ្តីវិញ ឃើញថាអ្នកទាបអាចប្រឈមនឹងការកើតមានជំងឺនោមផ្អែមខ្ពស់ជាងអ្នកមានកម្ពស់ខ្ពស់ជាងខ្លួនរហូតដល់ ៣៣%។

ក្រុមវេជ្ជបណ្ឌិតដែលដឹងនាំការសិក្សាមួយនេះបានពន្យល់ថា នៅក្នុងរាងកាយរបស់មនុស្សទាបគឺមានកម្រិតជាតិខ្លាញ់ក្នុងថ្លើមខ្ពស់ពីធម្មជាតិមកតែម្តង ខណៈកម្រិតជាតិអាំងស៊ុយលីន និងកោរសិកា សំខាន់ៗមួយចំនួនតិចទៅវិញ ហើយកត្តាធម្មជាតិទាំងនេះហើយ ទើបពួកគេអាចប្រឈមទៅនឹងការកើតមានបញ្ហាបេះដូង ស្ទះសរសៃឈាម និងទឹកនោមផ្អែមខ្ពស់ ប្រសិនបើពួកគេមិនព្យាយាមញ៉ាំអាហារសុខភាព និងធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់នោះទេ៕

អត្ថបទ៖ ភក្តី