ព័ត៌មានជាតិ September 11, 2019 Khmernote
សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹងផ្តល់​ iPad ម្នាក់មួយគ្រឿង​ ដល់សិស្សនិទ្ទេស​ A ទាំង៤៤៣នាក់

ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងផ្តល់​ iPad ម្នាក់មួយគ្រឿង​ ដល់សិស្សនិទ្ទេស​ A ទាំង៤៤២នាក់ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា លទ្ធផលមាន​សិស្ស​ដែល​ប្រឡងជាប់និទ្ទេស A នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩ មានចំនួន ៤៤៣​នាក់ ដោយ រាជធានី​ភ្នំពេញ១៤១​នាក់ សៀមរាប៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ ២៥​នាក់ កណ្តាល២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ ១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ ៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​។

គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕