ព័ត៌មាន September 11, 2019 lyda
ថៃកំពុងមានបញ្ហាជាមួយនឹងកំទេចសំរាមប្លាស្ទិចតូចៗនៅក្នុងខ្លួនត្រី និងសត្វសមុទ្រជាច្រើនទៀត ដែលគេយកមកបរិភោគ

ថៃ៖ សំរាមប្លាស្ទិច ដែលមនុស្សមានទម្លាប់ចោលពាសវាល​ពាសកាល កំពុងសម្លាប់សត្វមានជីវិតជាច្រើននៅក្នុងសមុទ្រ។ ជាក់ស្ដែងដូចដែលក្រុមស្រាវជ្រាវបានបង្ហាញនៅក្នុងសប្ដាហ៍នេះថា កម្ទេចសំរាមប្លាស្ទិច ដែលគេឱ្យឈ្មោះថា «Microplastic» គឺកំពុងធ្វើឱ្យមានហានិភ័យដល់សុខភាពប្រជាជន។ យោងតាមការរកឃើញរបស់មជ្ឈមណ្ឌលប្រតិបត្តិការឧទ្យានជាតិសមុទ្រ (Marine National Park Operation Center 3) បានឱ្យដឹងថា កម្ទេចសំរាមប្លាស្ទិចកំពុងជ្រៀតចូលក្នុងសាច់សត្វសមុទ្រដូចជា ប្រភេទមានសម្បក, អយស្ទ័រ និងប្រភេទជាធារាសុខុមប្រាណជាដើម ដែលវាធ្វើឱ្យមានក្ដីបារម្ភជុំវិញបរិស្ថានក្នុងប្រទេស។

ក្រុមស្រាវជ្រាវបានប្រកាសថា ជាមធ្យមក្នុងត្រីមួយក្បាលមានកម្ទេចសំរាមប្លាស្ទិច (Microplastic) រហូតដល់ ៧៨ប្រភេទ ហើយវាជាពពួកកម្ទេចសំរាមប្លាស្ទិច ដែលកំពុងធ្វើឱ្យពិភពលោកមានភាពចលាចល ហើយវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសគឺមហារីក។ វាមានទំហំតូចបំផុត គឺតូចជាង ៥មីលីម៉ែត្រ ដែលងាយស្រួលចូលក្នុងខ្លួនមនុស្សបំផុត តាមរយៈអាហារសមុទ្រដែលយើងបរិភោគជាប្រចាំ។ ក្រុមស្រាវជ្រាវក៏បាននិយាយថា Microplastic មិនបញ្ចេញឥទ្ធិពលភ្លាមៗនោះទេ វាចំណាយពេលរាប់ឆ្នាំនៅក្នុងខ្លួនមនុស្ស ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេបារម្ភបំផុត គឺហានិភ័យរបស់វាចំពោះសុខភាពមនុស្ស។

ក្រុមស្រាវជ្រាវក៏ជម្រុញឱ្យមានការយកចិត្តទុកដាក់ ចំពោះទម្លាប់នៃការចោលសំរាមផងដែរ។ ព្រោះសំរាមដែលក្លាយជាប្រភេទ Microplastic គឺជាការបំបែកខ្លួនចេញពីប្លាស្ទិច ដែលយើងបានចោលពាសវាល​ពាសកាល ហើយវាជាជំហានមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឱ្យមានការកកើតនូវកម្ទេចសំរាមប្លាស្ទិច ដែលគេឱ្យឈ្មោះថា «Microplastic» នេះ៕

អត្ថបទ៖ លីដា