សង្គម September 11, 2019 mesa mesa
ពុទ្ធោ! អាណិតក្មេងណាស់ទើបតែកើតសោះ ស្រាប់តែម្តាយរត់ចោល ចំណែកឪពុកវិញថាមិនទទួលស្គាល់ក្មេងនេះជាកូនខ្លួនឡើយ

ថៃ៖ មានករណីម្តាយម្នាក់បានរត់ចេញពីមន្ទីរពេទ្យក្រោយសម្រាលកូនរួច បន្សល់ទុកទារកអាយុ១៧ថ្ងៃឲ្យនៅក្រោមការមើលថែរបស់គ្រូពេទ្យ ខណៈពេលដែលលោកឪពុកមិនព្រមទទួលស្គាល់រូបក្មេងនេះថែមទៀត។ តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថានារីជនជាតិឡាវមួយរូបឈ្មោះថា ផាន់ ស្រីវិឡៃ អាយុ ២៧ឆ្នាំ ដែលមានដើមកំណើតនៅខេត្ត សៃយៈបុរី ប្រទេសឡាវ មានស្វាមីឈ្មោះថាលោក អូត ប៊ុនមី ជាជនជាតិថៃរស់នៅឯខេត្តលើយ ប្រទេសថៃ បានសម្រាលកូនប្រុសមួយរូបដែលមានទម្ងន់ ២គីឡូ និង៧ខាំ។

ក្រោយពេលសម្រាលរួចក្មេងរូបនេះមានអការៈចង្វាក់បេះដូងលោតមិនសូវប្រក្រតី ក្រុមគ្រូពេទ្យបានសម្រេចចិត្តបំបែកគេយកទៅដាក់បន្ទប់សង្គ្រោះពិសេស ខណៈឯអ្នកម្តាយត្រូវសម្រាកនៅបន្ទប់ព្យាបាលធម្មតា។ សម្រាលបានប៉ុន្មានថ្ងៃស្រាប់តែអ្នកម្តាយរូបនេះ បានរត់ចេញពីមន្ទីរពេទ្យបាត់ស្រមោលបន្សល់ទុកក្មេងឲ្យនៅឯកា។ ក្រោយការតាមដានអស់រយៈពេល១៧ថ្ងៃទារករូបនេះ អការៈសុខភាពរបស់ក្មេងប្រុសរូបនេះគឺមានសភាពប្រក្រតីដូចធម្មតា តែគេពុំបានឃើញមុខអ្នកម្តាយនោះឡើយ ព្រោះទទួលបានដំណឹងថានាងរត់ទៅប្រទេសឡាវ មិនត្រលប់វិញឡើយ។

ខណៈដែលក្រុមប៉ូលីសបានព្យាយាមទំនាក់ទំនងទៅរូបលោកឪពុក តែបែរជាទទួលបានការបដិសេធថាខ្លួនមិនមែនជាឪពុកក្មេងនោះទេ ពួកគេធ្លាប់ជាប្តីប្រពន្ធមែន តែពេលនេះបែកគ្នាហើយ ខ្លួនមិនទទួលស្គាល់ក្មេងនោះឡើយ។ យ៉ាងណាមិញក្រុមប៉ូលីសខេត្តលើយ ប្រទេសថៃ ក៏បានព្យាយាមទាក់ទងទៅមន្ត្រីប៉ូលីសនៅឯប្រទេសឡាវ ដើម្បីសម្របសម្រួលស្វែងរកអ្នកម្តាយក្មេងនេះឲ្យទទួលយកកូនខ្លួន ដោយសង្ឃឹមថារូបនាងនឹងនៅមានមនុស្សធម៌ក្នុងខ្លួនជាពិសេសអាណិតក្មេងដែលមិនទាន់ទាំងបានដាក់ឈ្មោះរូបនេះ៕