ព័ត៌មាន September 11, 2019 lyda
អតីតជំនួយការពេទ្យធ្មេញថៃម្នាក់ ត្រូវចាប់ខ្លួនពីបទលក់ឧបករណ៍ទប់ និងពត់ធ្មេញក្លែងក្លាយ នៅលើបណ្ដាញសង្គម

ថៃ៖ ការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃបានចាប់ខ្លួនអ្នកលក់ឧបករណ៍ទប់ធ្មេញ ដែលគ្មានការបញ្ជាក់ ឬចុះឈ្មោះត្រឹមត្រូវ ដែលខ្លួនគាត់ផ្ទាល់ធ្លាប់ធ្វើជាជំនួយការពេទ្យធ្មេញទៀតផង។ ស្ត្រីជាជនសង្ស័យម្នាក់នេះត្រូវបានគេឱ្យដឹងថា បានលក់ឧបករណ៍ទប់ធ្មេញក្លែងក្លាយដល់អតិថិជន តាមអ៊ិនធឺណេតជាយូរមកហើយ។ ក្រោយមកនាយកដ្ឋានគាំទ្រសេវាសុខភាព ត្រូវបានគេទាក់ទងឱ្យចាត់វិធានការតាមច្បាប់ប្រឆាំងនឹងស្ត្រីសង្ស័យ ដែលនាំឱ្យឈានដល់ការចាប់ខ្លួន និងរឹបអូសឧបករណ៍ក្លែងក្លាយទាំងនោះ។

ប្រភពបាននិយាយថា ស្ត្រីជាជនសង្ស័យ (មិនបញ្ចេញឈ្មោះ) មាន Follower នៅលើបណ្ដាញសង្គមរហូតដល់ ១០,០០០គណនី ហើយទំព័រហ្វេសប៊ុករបស់គាត់មានឈ្មោះថា “Retainer Chiang Mai Braces BM” (ជាភាសាថៃ) ។ រួមគ្នាសហការជាមួយប៉ូលីសឈៀងម៉ៃ ពួកគេបានចុះទៅស៊ើបអង្កេតទ្រព្យសម្បត្តិនៅអាសយដ្ឋានជនល្មើស ដែលមានចុះក្នុងទំព័រស្រាប់។ ស្ត្រីម្នាក់នោះក៏បានសារភាពផងដែរថា ខ្លួនធ្លាប់ធ្វើជាជំនួយការឱ្យពេទ្យធ្មេញ ដូច្នេះហើយទើបគាត់អាចមានចំណេះខ្លះៗ ដើម្បីលក់ឧបករណ៍ធ្មេញក្លែងក្លាយទាំងនោះ។

ក្រុមមន្រ្តីបាននិយាយថា មានករណីធ្មេញខូចជាច្រើនទាក់ទងនឹងឧបករណ៍ទប់ និងពត់ធ្មេញក្លែងក្លាយនៅក្នុងប្រទេសថៃ ពីព្រោះក្រុមក្មេងជំទង់មួយចំនួនជឿជាក់ថា ការពាក់ឧបករណ៍ទប់ ឬពត់ធ្មេញ គឺជាសញ្ញានៃការមានលុយចាយច្រើន ហើយវាក៏មើលទៅគួរឱ្យស្រឡាញ់ដែរ។ ជាញឹកញយឧបករណ៍ទាំងនេះលក់ក្នុងតម្លៃតែ ១០០ ទៅ ១,០០០បាតប៉ុណ្ណោះ។ លោហៈដែលត្រូវបានប្រើជាញឹកញាប់ គឺជាលោហៈធ្ងន់ រួមទាំងសរសៃខ្សែដូចជាប្រដាប់ព្យួរខោអាវ ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់៕

អត្ថបទ៖ លីដា