ព័ត៌មានជាតិ September 12, 2019 Khmernote
សាហាវមែន! សម្លាប់ប្រពន្ធខ្លួនឯង ហើយចាក់សាំងដុត ដើម្បីបង្វែរដានថាជាករណីអគ្គិភ័យ

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្រពន្ធរួចដុតក្នុងផ្ទះ) ដែលកេីតហេតុ​ នៅថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០១៩​ វេលាម៉ោង​ ០២ និង៤០នាទី​ នៅចំណុចផ្ទះ​ នៅភូមិពោធិ៍ក្រោម​ ឃុំត្រេីយស្លា​ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះជាប្រពន្ធឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះកេីតហេតុ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទប្រុស​ អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក(ប្ដី)រងរបួស មានទីលំនៅខាងលើ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ​នៅមុនពេលកេីតហេតុ​ ជនសង្ស័យជាប្តី និងជនរងគ្រោះជាប្រពន្ធ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លេីង​ឆាបឆេះក្នុងបន្ទប់​ កន្លែងដេក បណ្តាលឲ្យឈ្មោះ​ ហានស្រីមុំ​ (ស្លាប់) នៅកន្លែងដេក​ និងឈ្មោះ​វ៉េង​ វិរៈ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លេីង ដែលកំពុងឆេះ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក ខេត្ត បានចុះដល់កន្លែងកេីតហេតុ​ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ករណីនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង ។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានឲ្យដឹងថា ករណីនេះ ជាឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គីភ័យ)។

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមានការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្កណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុជនសង្ស័យរងរបួស ដោយសារឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្ទាប់ពីបាន តស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារភាព ពីសកម្មភាពរបស់ខ្លួន ដូចខាងក្រោម៖

នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែលបីទៅបួនថ្ងៃជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង ៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវ៉េវ ត្រឡប់មកផ្ទះវិញ ដាំបាយ លុះដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរង
គ្រោះ ពេលនោះជនរងគ្រោះស្លៀករ៉ូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរសព្ទ័ ចំណែកជនសង្ស័យ ប្ដី មើលរឿងចិនតាមទូរស័ព្ទ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យប្ដី លែងលះគ្នាដោយ បបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យប្ដី បដិសេធមិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូក ដោយបានយកភួយ និងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូ ដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន ផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារ និងដោះបំណុល គិតតែដើរលេង ទើបជនរងគ្រោះជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់ក បណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណី អគ្គីភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ក្រោមរូបភាព ដុតផ្ទះដើម្បីបិទបាំងទង្វើ សកម្មភាព ឃាតកម្មគិតទុកជាមុន របស់ខ្លួន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល