ព័ត៌មានជាតិ September 12, 2019 Khmernote
បន្ទាប់ពីមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប២០១៩ ក្រសួងអប់រំ នឹងបង្កើត “គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន”

ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងអប់រំ យុវជន និង កីឡា បង្ហាញពីសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅចំនុចទី៥ ថា ដើម្បីជាការឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច ចំពោះលទ្ធផលនៃការប្រឡងនេះ ក្រសួងបានបង្កើត “គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន” ដើម្បីពិនិត្យនិងដោះស្រាយករណីទាំងនោះ ក្នុងបំណងធ្វើឲ្យបេក្ខជននិងអ្នកអាណាព្យាបាល មានសេចក្តីទុកចិត្តនិងទទួលយកលទ្ធផលនៃការប្រឡង។ ក្នុងករណីទាំងនោះ បេក្ខជនមួយចំនួនបានតវ៉ាពុំសុខចិត្តលើលទ្ធផល “ធ្លាក់” ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតពុំសុខចិត្ត ដោយសារទទួលបាននិទ្ទេសត្រឹម “b” ឬ “C”​ ហើយទាមទារយកនិទ្ទេស A ។

គួរបញ្ជាក់ថាបន្ទាប់ពីការប្រកាសលទ្ធផលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ទូទាំងប្រទេសរួចមក មានបេក្ខជនមួយចំនួនដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង មានអ្នកខ្លះមិនពេញចិត្តចំពោះលទ្ធផលដែលចេញមកខុសពីការរំពឹងទុក ដោយមានមុខវិជ្ជាខ្លះដែលខ្លួនពូកែ តែបែរជាលទ្ធផលចេញមកធ្លាក់ទៅវិញ។ ហើយក៏មានបេក្ខជនប្រឡងព្រមទាំងអាណាព្យាបាល កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​បាក់​ឌុ​ប​ឆ្នាំ២០១៩បាននាំគ្នាមក​​​តវ៉ា​​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បីទាម​ទារ​ឱ្យធ្វើ​ការ​ពិនិត្យ​សំណៅ​វិញ្ញាសាសរសេរ​របស់​ពួក​គេ ដោយខ្លាចថាមានកំហុសបច្ចេកទេសនៅពេលបូកពិន្ទុ ឬនៅពេលធ្វើកំណែ៕ សូមអានសេចក្តីប្រកាសព័ត៍មាននៅខាងក្រោមនេះ៖