បច្ចេកវិទ្យា September 13, 2019 Khmernote
Apple ត្រៀមលក់លាងឃ្លាំងបញ្ចុះតម្លៃ iPad ស៊េរីចាស់ចេញឲ្យអស់ ហើយត្រៀមលក់ iPad ថ្មីវិញ

ក្រោយការបញ្ចុះតម្លៃម៉ូដែលទូរស័ព្ទជាច្រើនកាលពីថ្មីៗនេះដូចជា iPhone XR, iPhone 8, iPhone XS និងXS Max មកក្រុមហ៊ុន Apple នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះត្រូវបានគេសង្ស័យថា នឹងបញ្ចុះតម្លៃទៀតទៅលើប្រភេទ iPad Pro របស់ខ្លួនទៀតផងដែរ។

The Phonearena នៅថ្ងៃនេះបានសរសេរថា ការប្រទះឃើញដំបូងនៅលើវេបសាយ MacRumors បានបង្ហាញថា iPad Pro ទំហំ 1TB បានកំពុងពិចារណាក្នុងការបញ្ចុះតម្លៃដល់ទៅ២០០ដុល្លារពោលគឺ ១ ៣៤៩ដុល្លារសម្រាប់អេក្រង់១១អ៉ីញពីតម្លៃចាស់ដល់ទៅ ១ ៥៤៩ដុល្លារ និងតម្លៃត្រឹមតែ ១ ៥៤៩ដុល្លារ សម្រាប់ iPad Pro អេក្រង់១២,៩អ៉ីញពីតម្លៃចាស់ ដែលមាន ១ ៧៤៩ដុល្លារ។

ទោះបីជាមិនមានការប្រកាសជាផ្លូវការណាមួយនៅឡើយក្តីពីសំណាក់ក្រុមហ៊ុន Apple ប៉ុន្តែជឿជាក់ថាក្រុមហ៊ុននឹងសម្រេចចិត្តធ្វើបែបនេះសម្រាប់ iPad ដែលសល់នៅក្នុងស្តុកឲ្យអស់បានមុនការមកដល់នៃ iPadជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគេជឿជាក់ថា នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនាខែតុលាខាងមុខនេះ៕

អត្ថបទ៖ Lee