ព័ត៌មានជាតិ September 16, 2019 Khmernote
ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចបេះផ្លែស្វាយចំនួន២៤ផ្លែ និងធ្វើសកម្មភាពលួចនេះប្រហែលជាង២០លើក

កាលពីពេលថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួច​បេះផ្លែស្វាយ ដែលករណីនេះកេីតហេតុថ្ងៃសៅរ៍១ រោច​ខែ​ភទ្របទ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី១៤.០៩.២០១៩​ វេលា​ម៉ោង​២១:៣០​នាទីនៅ ចំណុចចំការស្វាយឈ្មោះស៊ុនសុខណា ភូមិកោះតេជោ ឃុំ​គគីរធំ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ។

ជនសង្ស័យមានឈ្មោះ​ ទន់ វី ភេទ​ប្រុសអាយុ​២៧ឆ្នាំ ​ជនជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ មានទី​លំនៅភូមិ-ឃុំកើតហេតុ(ឃាត់​ខ្លួន​)​ វត្ថុ​តាង​ចាប់​យក​មានទូកឈើ ១គ្រឿងប្រវែង៧.៨០ម៉ែត្រទទឹង១ម៉ែត្រ (មានច្រវ៉ា១ ចែវ១) ,ផ្លែស្វាយចំនួន២៤ផ្លែ, ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅ០១គ្រឿង ,ពិលពាក់ក្បាល១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះព័ត៌មានលម្អិតនូវករណីនេះដោយនៅថ្ងៃខែឆ្នាំនិងវេលាម៉ោងដូចខាងលើជនរងគ្រោះបានទៅចាំឃ្លាំមើលចោរលួចបេះផ្លែស្វាយ។ ពេលនោះបានឃើញជនសង្ស័យជិះទូកដោយមានពិលពាក់នៅក្បាលសំដៅមកចំការស្វាយរបស់ខ្លួន រួចធ្វើសកម្មភាពបេះផ្លែស្វាយយកទៅដាក់លើទូក ពេលនោះជនរងគ្រោះបានស្ទុះទៅចាប់យកផ្លែស្វាយដាក់លើទូក រួចអុំទូកមកផ្ទះនិងបានទៅប្រាប់ឪពុកជនសង្ស័យថា “កូនពូឯងលួចបេះស្វាយខ្ញុំ” បន្ទាប់មកក៏បានទៅរាយការណ៍ប្រាប់លោកមេភូមិ ។ លុះដល់ថ្ងៃទីថ្ងៃ១៥.០៩.២០១៩ វេលាម៉ោង៧.០០នាទីជនរងគ្រោះបានមកប្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ។

ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកប៉ុស្តិដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចបេះស្វាយរបស់ ជនរងគ្រោះប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចបេះផ្លែស្វាយប្រជាពលរដ្ឋក្នុងភូមិកោះតេជោប្រហែលជាង២០លើកមកហើយនិងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផង ។ ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល