ព័ត៌មានជាតិ September 16, 2019 Khmernote
បងប្អូនសូមប្រុងប្រយ័ត្ន! យប់នេះ ឬព្រឹកស្អែក ស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងហក់ឡើងខ្ពស់ ដោយសារតែមូលហេតុនេះ

ភ្នំពេញ៖ ក្រោយមានទឹកភ្លៀងយ៉ាងខ្លាំងក្លាធ្វើឲ្យឃុំចំនួន៤ នៅស្រុកសំឡូត ជន់លិចខ្លាំង ព្រមទាំងមានករណីទឹកហូរបុកខ្លាំងបណ្តាលឲ្យបាក់ស្ពានយោលផងនោះ។ ទើបមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សម្រេចបើកទ្វារទឹកក្នុងអាងពហុបំណងសេកសកបង្ហូរធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាពទឹកផ្នែកខាងលើសំឡូតបានថមថយបន្តិច។

នេះបើយោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ៖ “តាមសេចក្តីរាយកាណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ នៃស្រុកសំឡូត ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៥ នឹងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង។ ដូច្នេះ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះ យប់នេះ ឬព្រឹកស្អែក ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង នឹងកើនឡើងខ្ពស់ អាស្រ័យ​ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ ។ សូមអរគុណ”៕