ព័ត៌មានជាតិ September 17, 2019 Khmernote
ចិនមួយក្រុមជិះរថយន្តស៊េរីទំនើប 570 ចូលប្លន់លុយក្នុងខារ៉ាអូខេនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាម ប្លន់យកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា បទល្មើសនេះ កើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះក្រុមជនសង្ស័យបានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន២.០០០$(ពីរពាន់ដុល្លារ) រួចក៏រត់គេចខ្លួន។

លោកឧត្តមសេនីយ៍មេបញ្ជាការ បន្តថាជនជាតិ ចិនមួយក្រុមនេះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើត០២ ខែមិថុនា ឆ្នាំ១៩៩០ មុខរបបុគ្គលិកផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា) រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស ៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើ នេះបានចំនួន៦នាក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ប្រភព៖ លោក Huy Bunleng