ព័ត៌មាន September 17, 2019 lyda
អ័ព្ទពុលកំពុងបំផ្លាញសុខភាពប្រជាជននៅឥណ្ឌូនេស៊ី ខណៈប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនសុទ្ធតែរងផលប៉ះពាល់

ឥណ្ឌូនេស៊ីបានបើកគ្លីនិកបណ្តោះអាសន្នជាច្រើន ដើម្បីព្យាបាលមនុស្សរាប់ពាន់នាក់ដែលទទួលរងពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលពោរពេញដោយអ័ព្ទពុល។ អាជ្ញាធរក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភ្លើងឆេះនៅតំបន់ភ្នំ និងព្រៃ ដែលវាជាមូលហេតុគំរាមកំហែងដល់គុណភាពខ្យល់នៅក្នុងផ្នែកមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទថា ក្រុមសង្គ្រោះជាង ៩,០០០នាក់ ចេញពីកងយោធា ប៉ូលីស និងទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ជាមួយនឹងជំនួយឧទ្ធម្ភាគចក្រចំនួន ៤២គ្រឿង បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ។

ផ្សែងពុលចេញពីការដុតភ្លើងខុសច្បាប់ ដើម្បីឈូសឆាយដីសម្រាប់ដាំដូង និងម្រេច ធ្វើឱ្យសាលារៀនត្រូវបិទទ្វារ និងរំខានដល់ការធ្វើដំណើរក្នុងតំបន់ ខណៈប្រជាជនត្រូវចាកចេញពីផ្ទះរបស់ពួកគេ។ ភ្លើងឆេះនៅឥណ្ឌូនេស៊ីមិនមែនត្រឹមតែបង្កហានិភ័យក្នុងប្រទេសនោះទេ ជាក់ស្ដែងប្រទេសជិតខាងសុទ្ធតែរងផលប៉ះពាល់។ សិង្ហបុរី ម៉ាឡេស៊ី ​ព្រុយ​ណេ​ដា​រូ​សា​ឡឹម និងថៃ សុទ្ធតែរងផលប៉ះពាល់ ពីអ័ព្ទអាក្រក់ទាំងនេះ។ ទិន្នន័យពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបង្ហាញថា ភ្លើងឆេះបានប៉ះពាល់ដល់ដីព្រៃ និងដីកសិកម្មចំនួន ៣២៨,៧២៤ហិកតា នៅឆ្នាំនេះ ហើយពួកគេក៏គ្រោងនឹងដាក់ប្រតិបត្តិការភ្លៀងសិប្បនិម្មិតឆាប់ៗផងដែរ៕

អត្ថបទ៖ លីដា