ព័ត៌មាន September 20, 2019 Khmernote
ការសិក្សា៖ បើសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងរុស្សីកើតឡើងមែន មនុស្សជាង ៩០ លាននាក់ស្លាប់ និងរបួសក្នុងរយៈពេលត្រឹមតែ ៣-៤ ម៉ោងប៉ុណ្ណោះ

ការសិក្សាមួយបានរកឃើញថា ប្រសិនបើសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងរុស្សីបានកើតឡើង វានឹងអាចធ្វើឲ្យមានមនុស្សស្លាប់ និងរបួសប្រមាណជា ៩០ លាននាក់ក្នុងរយៈពេលត្រឹមតែ ៣-៤​ ម៉ោងប៉ុណ្ណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយលោកសាស្រា្តចារ្យ Alex Glaser អ្នកជំនាញផ្នែកវិស្វករ និងកិច្ចការអន្តរជាតិប្រចាំនៅក្នុងសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក ដែលបានវិភាគ និងវាយតម្លៃទៅលើកម្លាំងយោធា និងឥទ្ធិពលនៃអាវុធនុយក្លែអ៊ែរជាក់ស្តែងរបស់ប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ននេះ។

លទ្ធផលនៃការសិក្សាបានបង្ហាញលម្អិតថា ក្នុងករណីដែលសង្គ្រាមបានផ្ទុះឡើងក្នុងរយៈពេលត្រឹមតែ ៣ ម៉ោងដំបូង វានឹងបង្កឲ្យប្រជាពលរដ្ឋនៅអឺរ៉ុបចំនួន ២,៦ លាននាក់បានស្លាប់ និងរងរបួស ហើយនៅក្នុងរយៈពេល ៩០ នាទីបន្ទាប់មកទៀត នឹងមានប្រជាពលរដ្ឋអាមេរិក និងរុស្សីប្រមាណជា ៨៨,៧​ លាននាក់ត្រូវស្លាប់ និងរងរបួសបន្ថែមទៀត។ ការសិក្សាក៏បានបែងចែកយ៉ាងច្បាស់ផងដែរថា ក្រោយសង្គ្រាមអាចមានអ្នកស្លាប់សរុបប្រមាណជា ៣៤,១​ លាននាក់ និងអ្នករងរបួសសរុបប្រមាណជា ៥៥,៩ លាននាក់។ លោកសាស្រា្តចារ្យ Alex Glaser ក៏បានផ្តល់អនុសាសន៍ថា សង្គ្រាមខាងលើនេះនឹងក្លាយជាសង្គ្រាមដែលបង្កឲ្យមានវិនាសកម្មធំបំផុតសម្រាប់ពិភពលោក។ លោកអ្នកអាចទស្សនាវីដេអូដែលជាគំរូបង្ហាញអំពីវិនាសកម្មនៃសង្គ្រាមរវាង អាមេរិក និងរុស្សី ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី