Nissan Auto Tech September 19, 2019 Khmernote
Nissan ធ្វើអោយពិភពរថយន្តមានការភ្ញាក់ផ្អើល ក្រោយពេលផ្លាស់ប្តូររូបរាងទាំងស្រុងនៃត្រកូល JUKE របស់ខ្លួន

Nissan Juke ដែលជារថយន្ត Mini SUV ដ៏ល្បីឈ្មោះមួយរបស់ក្រុមហ៊ុន Nissan ហើយក៏ត្រូវបានពលរដ្ឋខ្មែរមួយចំនួនហៅថា “រថយន្តកង្កែប” ព្រោះរូបរាងរបស់វាតូច និងមុខមាត់ដូចសត្វកង្កែប។ រថយន្តមួយនេះត្រូវបានផលិតឡើងដំបូងនៅក្នុងឆ្នាំ 2010 ហើយគិតមកដល់ពេលនេះវាបានផ្លាស់ប្តូរមុខមាត់ថ្មីជាជំនាន់ទី2 ដែលធ្វើអោយពិភពរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា Nissan បានរចនាវាឡើងលេចធ្លោបែបនេះ។

ការរចនារូបរាងសម្រាប់ Nissan Juke 2020 នេះដែរគឺអាចនិយាយបានថា វាផ្លាស់ប្តូរទាំងស្រុង ពោលទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុង។ រូបរាងខាងក្រៅរបស់វាបានរចនាឡើងដោយបំពាក់ភ្លើង DRL ជាប្រភេទ LED យ៉ាងស្រស់ស្អាត បូករួមជាមួយនឹងអំពូលភ្លើង LED បំភ្លឺផ្លូវយ៉ាងស្រស់ស្អាត ហើយកាចជាម៉ូដែលមុនៗ។ រូបរាងរបស់វាក៏ត្រូវបានគេរចនាអោយមើលទៅដូចជារថយន្ត Cope ជាមុនទៅទៀតទោះបីជាក់ស្តែងវាជារថយន្តទ្វា5 ក៏ដោយ ហើយស្តុបខាងក្រោយត្រូវបានរចនាថ្មីទាំងស្រុងបំពាក់ជាមួយអំពូល LED ថែមទៀតផង។ Nissan Juke បំពាក់ម៉ាស៊ីន 2ជម្រើសដោយទីមួយគឺម៉ាស៊ីន 1.0L turbocharged មានស៊ីឡាំងចំនួន3 បំពាក់ប្រអប់លេខដៃ មាន6វគ្គ ហើយនឹងប្រភេទទី2 គឺម៉ាស៊ីន 1.0L turbocharged មានស៊ីឡាំងចំនួន3 បំពាក់ប្រអប់លេខអូតូ មាន7វគ្គ ហើយជាប្រភេទប្រអប់លេខ CVT ថែមទៀតផង។

ផ្នែកខាងក្នុងរចនាឡើងដោយមានលក្ខណៈទំនើបជាមុន មានដូចជាប្រភេទ Light Beam បំភ្លឺតាបឡូនិងប្រអប់លេខរថយន្ត ថែមទាំងមានបំពាក់អេក្រង់ Touchscreen ទំហំ 8 អ៊ីងដែលមានមុខងារ Apple CarPlay និង Android Auto មកស្រាប់តែម្តង ហើយវាក៏មានលក្ខណៈពិសេសជាច្រើនទៀត ដែលក្រុមការងារយើងនឹងធ្វើការរៀបរាប់នៅក្នុង video overview បន្ថែមទៀត៕

អត្ថបទ៖ សុវណ្ណ