បច្ចេកវិទ្យា September 20, 2019 Khmernote
Huawei Mate 30 និង Mate 30 Pro ចេញជាផ្លូវការហើយ គ្មានប៊ូតុង កាមេរ៉ាខ្លាំង ប្រើឈីប Kirin 990 តែមិនអាចប្រើសេវា Google បាន

កាលពីម្សិលមិញនេះ ក្រុមហ៊ុនHuawei ទើបតែចេញបង្ហាញជាផ្លូវការនូវស៊េរី Mate 30 របស់ខ្លួននៅក្នុងព្រិត្តិការណ៍តាំងពិពណ៍នាទីក្រុងមុយនិច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលដំបូងនោះគឺទាំង Mate 30 និង Mate 30 Pro មិនអាចដំណើរការកម្មវិធីទាំងឡាយរបស់ Google ឡើយដូចជា Gmail និង Google Play Store។

+រូបរាង៖

ឆ្នាំនេះ Huawei បានរចនាត្រកូល Mate ខុសប្លែកពីជំនាន់មុន ដោយកាលពីជំនាន់មុន Mate 20 ត្រូវបានរចនាកន្លែងដាក់កាមេរ៉ា៣គ្រាប់ខាងក្រោយមានលក្ខណៈជ្រុង ចំណែក Mate 30 វិញត្រូវបានផ្លាស់ប្តូរមកជាមូលវិញ។ រីឯផ្ទៃខាងមុខវិញ នៅលើ Mate 30 Pro ប្រើប្រាស់អេក្រង់ Horizon Display ដែលមានគែមអេក្រង់កោងរហូតដល់ 88 ដឺក្រេ មើលទៅស្ទើរតែគ្មានគែមអេក្រង់តែម្តង។ Mate 30 មានអេក្រង់ទំហំ 6.62-inch ចំណែកឯ Mate 30 Pro មានអេក្រង់ 6.53-inch ដែលនៅរក្សាក្បាលឆកដដែល ហើយក្បាលឆកនោះផងដែរមានមុខងារសម្រាប់ស្កែនមុខ និងបញ្ជាដោយកាយវិការបានផងដែរ។ ហើយអ្វីកាន់តែពិសេសនោះគឺ Huawei បានលុបបំបាត់ប៊ូតុង ដំឡើង/បន្ថយសំលេងចោល ដោយប្រើប្រាស់ការ Touch នៅចំហៀងសងខាងអេក្រង់វិញ ដែលក្រុមហ៊ុនឲ្យឈ្មោះថា side touch interaction។

+ កម្លាំងម៉ាស៊ីន៖

ស្មាតហ្វូនទាំង២នេះដំណើរការដោយបន្ទះឈីប Kirin 990 (7nm+) មាន CPU 8គ្រាប់ (2គ្រាប់រត់ក្នុងល្បឿន 2.8gGHz Cortex-A76 2គ្រាប់ទៀតរត់ល្បឿន 2.09GHz Cortex-A76 និង4គ្រាប់ទៀតរត់ក្នុងល្បឿន 1.86GHz Cortex-A55) មាន GPU Mali-G76 MP16 រត់ដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ និងក្រាលដោយស្បែក EMUI 10។ Mate 30 មាន RAM 6/8GB និងមានអង្គផ្ទុកទិន្នន័យ 128GB ចំណែកឯ Mate 30 Pro វិញមាន RAM 8GB និងមានអង្គផ្ទុកទិន្នន័យ 128/256GB។ Mate 30 មានថាមពលថ្ម 4,200mAh និង Mate 30 Pro មានថាមពលថ្ម 4,500mAh ហើយមានសមត្ថភាពសាកថ្មល្បឿនលឿនដោយប្រើខ្សែ 40W និងសាកឥតខ្សែបានដល់ 27W ថែមទៀតផង៕

+ កាមេរ៉ា៖

មិនខុសពីរាល់ដងឡើយ គឺស្មាតហ្វូនថ្មីៗរបស់ Huawei តែងតែផ្តោតសំខាន់ខ្លាំងទៅលើកាមេរ៉ា ហើយត្រកូល Mate 30 series ក៏ដូចគ្នា គឺក្រុមហ៊ុន Huawei រក្សាកាមេរ៉ាក្រោយ៣គ្រាប់នៅលើ Mate 30 ធម្មតា និងដំឡើងកាណុងកាមេរ៉ាក្រោយដល់៤គ្រាប់នៅលើ Mate 30 Pro ដោយមួយគ្រាប់ទំហំ 40MP f/1.8 សម្រាប់ថតប្លង់ ultra-wide មួយគ្រាប់ទៀតទំហំ 40MP f/1.8 ប្លង់ធម្មតា មួយគ្រាប់ទៀតទំហំ 8MP f/2.4 សម្រាប់ថតប្លង់ telephoto 3x optical zoom និង 5x optical hybrid zoom ចំណែកឯកាមេរ៉ាមួយគ្រាប់ដែលមានតែនៅលើ Mate 30 Pro ជាប្រភេទ Time of flight សម្រាប់ថតរូប 3D។ ចំណែកឯកាមេរ៉ាមុខវិញនៅលើ Mate 30Pro មានទំហំ 32MP និង Mate 30 មានទំហំ 24MP ដែលអាចថតរូបបានយ៉ាងច្បាស់ និងអាចស្កែនរូបបែប 3D បានថែមទៀតផងនៅលើ Mate 30 Pro។

+ តម្លៃ៖

– Huawei Mate 30 ម៉ូដែល RAM 6GB និង អង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ €799 (ប្រហែល $1,000)
– Huawei Mate 30 Pro ម៉ូដែល RAM 8GB និង អង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ €1,099 (ប្រហែល $1,376)
– Huawei Mate 30 Pro 5G ម៉ូដែល RAM 8GB និង អង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ €1,199 (ប្រហែល $1,500)
– Porsche Design Huawei Mate 30 RS ម៉ូដែល RAM 12GB និង អង្គផ្ទុកទិន្នន័យ 512GB មានតម្លៃ €2,095 (ប្រហែល $2,625)

អត្ថបទ៖ សេម