បច្ចេកវិទ្យា September 21, 2019 lyda
ប្រជាជនចិនខ្លះថាស្អប់ផលិតផល Apple តែនាំគ្នាតម្រង់ជួរសម្រុកចូលទៅមើលទូរស័ព្ទ iPhone 11 ក្នុង Apple Store នៅប្រទេសចិន

ចិន៖ ប្រជាពលរដ្ឋចិនជាច្រើននាក់ត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងវែង និងនាំគ្នាយ៉ាងកុះករចូលទៅមើលការដាក់តាំងបង្ហាញនូវទូរស័ព្ទ iPhone 11 នៅក្នុងហាង Apple Store នៅឯប្រទេសចិន បើទោះជាផលិតផលរបស់អាមេរិកមួយនេះជាគូសត្រូវជាមួយនឹងផលិតផល Huawei របស់ចិនក៏ដោយ។ ក្នុងការចូលទៅមើល និងធ្វើតេស្តិ៍សាកល្បងលើទូរស័ព្ទ iPhone 11 នេះពួកគេក៏អាចធ្វើការបញ្ជាទិញទូរស័ព្ទមុនពេលក្រុមហ៊ុន Apple នាំយកទៅលក់ជាផ្លូវការ (Pre-order) ក្នុងប្រទេសចិនផងដែរ។ បើទោះបីជាគ្មានប្រព័ន្ធប្រតិបត្តិការណ៍អ៊ីនធឺណិតល្បឿន 5G ក៏ដោយ តែគេបានកត់សម្គាល់ថា វត្តមានរបស់ iPhone 11 ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋចិន។

គេនៅចាំបានថា ទូរស័ព្ទ iPhone XR របស់ក្រុមហ៊ុន Apple ក៏ធ្លាប់ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនចិនផងដែរ ដោយតួលេខនៃការលក់បានបង្ហាញ គិតត្រឹមតែឆ្នាំ ២០១៩ នេះ មាន iPhone XR ប្រមាណជា ១០ លានគ្រឿងត្រូវបានគេនាំយកទៅលក់នៅក្នុងប្រទេសចិន។ សូមរម្លឹកជូនថា ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានផ្ទុះឡើង ហើយអាមេរិកបានប្រកាសបិទមិនឲ្យ ទូរស័ព្ទ Huawei របស់ចិនអាចចូលទៅប្រើប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុម Google បាននោះ មានប្រជាពលរដ្ឋចិនជាច្រើននាក់បានសម្រេចឈប់ប្រើទូរស័ព្ទ iPhone ផងដែរ ហើយរហូតមកទល់នឹងពេលនេះគេរង់ចាំមើលថា តើគុណសម្បត្តិរបស់ iPhone 11 អាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋចិនបានខ្លាំងកម្រិតណា?

អត្ថបទ៖ ភក្តី