រថយន្ត September 21, 2019 lyda
លោក Jeff Bezos បញ្ជាទិញរថយន្តអគ្គិសនី ១០០,០០០គ្រឿង ដើម្បីចូលរួមកាត់បន្ថយឧស្ម័នកាបូនិក

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសថា ក្រុមហ៊ុនរបស់លោកបានដាក់ការបញ្ជាទិញរថយន្តអគ្គិសនីដឹកទំនិញចំនួន ១០០,០០០គ្រឿង ពីក្រុមហ៊ុន Rivian ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនអព្យាក្រឹតកាបូនឱ្យបានត្រឹម ឆ្នាំ២០៤០ ជាមួយការបញ្ជាទិញដ៏ធំ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នេះជាការបញ្ជាទិញធំបំផុតមិនធ្លាប់មាន ខណៈ Rivian ផ្ទាល់មិនទាន់បានបញ្ចេញរថយន្តរបស់ខ្លួន ទៅឱ្យដៃគូណាជាផ្លូវការនៅឡើយទេ។ គម្រោងនេះគឺដើម្បីអាចឱ្យ Amazom ជួយសន្សំសំចៃឧស្ម័នកាបូនិក ៤លានតោនក្នុងមួយឆ្នាំៗ។

អាចនិយាយបានថា ជាសំណាងល្អរបស់ Rivian ដែលខ្លួនជាអ្នកផលិតរថយន្តទើបបង្កើតថ្មី ប៉ុន្តែអាចទាក់ទាញការវិនិយោគធំៗ ពីក្រុមហ៊ុន Amazon និង Ford ។ ក្រុមហ៊ុន Amazon បានដឹកនាំថវិការចំនួន ៧០០លានដុល្លារ សម្រាប់ក្រុមហ៊ុន Rivian កាលពីដើមឆ្នាំនេះ ដោយក្រុមហ៊ុន Ford បានវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារ និងក្រុមហ៊ុន Cox Automotive ចំនួន ៣៥០លានដុល្លារ ផ្សេងថែមទៀត ក្នុងការបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Rivian នេះ៕

អត្ថបទ៖ លីដា