សុខភាព September 25, 2019 Khmernote
បើស្រលាញ់ប្រពន្ធ លោកប្តីកុំធ្វើរឿង ៣ យ៉ាងនេះដាក់ប្រពន្ធក្រោយពេលសម្រាលហើយដាច់ខាត

សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ងាយ​ប្រឈមមុខនឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ណាស់ ដូចនេះ​ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ ប៉ា​ៗ​គួរតែ​កុំ​ដាក់​បន្ទុក​លើ​ស្ត្រី​បន្ថែម​ទៀត។ ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៣ ស្វាមី​មិន​គួរ​ធ្វើ​ដាក់​ភរិយា ​ទើប​សម្រាល​កូន​រួច ដែល​ណែនាំ​ដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។

១- មិន​គួរ​ស្តី​បន្ទោស ឬ​បង្ហាញ​កាយ​វិការ​ធុញ​ទ្រាន់

ពេល​កូន​យំ យើង​ជា​ម៉ាក់​ក៏​មាន​អារម្មណ៍​មិន​ល្អ​ដែរ ព្រោះ​ខ្លួន​មិន​បាន​សម្រាក​ផង ហើយ​ត្រចៀក​ត្រូវ​មក​ហ៊ឹង​ជាមួយ​សំឡេង​កូន​យំ​ទៀត ពិតជា​មិន​ស្រណុក​ចិត្ត​ណាស់​ទៅ​ហើយ។ តែ​ក្នុង​នាម​ជា​ស្វាមី​ល្អ មិន​គួរ​ស្ដី​បន្ទោស ឬ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់​នឹង​កូន​យំ​បែប​នោះ​ឡើយ គួរតែ​ទៅ​ជួយ​មើល​កូន​វិញ​ទើប​ជា​ការ​ល្អ។ កាលណា​ប៉ា​ៗ​បង្ហាញ​កាយវិការ​ធុញ​ទ្រាន់ ម៉ាក់​ៗ​កាន់តែ​ពិបាក​ចិត្ត និង​ប្រែ​ជា​គិត​ច្រើន​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​ស្វាមី ឬ​បែក​ទៅ​គិត​អ្វី​ផ្សេង។

២- រិះគន់​រូប​សម្រស់

មនុស្ស​ស្រី​មិន​ច្រើន​ទេ​ដែលសម្រាល​កូន​រួច​នៅតែ​មាន​រាង​ស្អាត សាច់​ស​ខ្ចី​ហ្មត់​​រលោង​ដដែល។ ដូចនេះ​ហើយ​ការ​ដែល​ប្ដី​លើក​និយាយ​ពី​រូប​សម្រស់​លែង​ស្អាត​របស់​ប្រពន្ធ​នៅ​ពេល​នេះ ជា​ការ​វាយប្រហារ​ផ្លូវ​ចិត្ត​កម្រិត​ធ្ងន់​បំផុត។ មនុស្ស​ស្រី​ណា​ក៏​ចង់​ស្អាត​ដែរ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ នាង​សុខចិត្ត​ជ្រើស​យក​មិន​តុបតែង​ខ្លួន ព្រោះ​ដើម្បី​មាន​ពេល​វេលា​ច្រើន​ចំណាយ​ទៅ​ថែទាំ​កូន និង​ធ្វើ​រឿង​មាន​ប្រយោជន៍​ច្រើន​ជាង​នេះ ហើយ​ម្យ៉ាង​ទៀត​មនុស្ស​ស្រី​គិតគូរ​ពី​រឿង​សន្សំសំចៃ​ជា​ធំ ដោយ​មិន​គិត​យក​លុយ​ទៅ​បង្ហិន​លើ​របស់​គ្មាន​ប្រយោជន៍។

៣- បញ្ហា​ដំណេក

នេះ​ជា​រឿង​ធំ​ដែល​គួរតែ​គិត​ឡើង​វិញ ព្រោះ​មនុស្ស​ស្រី​សម្រាល​កូន​រួច​សុខភាព​រាងកាយ​មិន​ទាន់​ល្អ​ប្រសើរ​ឡើង​វិញ​ទេ ត្រូវការ​ពេល​វេលា​យូរ។ បញ្ហា​ដំណេក​ម៉ាក់​ៗ​ពិតជា​មាន​អារម្មណ៍​ថា​ខ្លួន​មិនអាច​សហការជាមួយ​ប៉ា​ៗ​បាន​នៅ​ពេលកូន​ទើប​កើត​បាន​១ខែ ឬ២ខែ បើ​ទោះ​ជា​សម្រាល​ដោយ​វះកាត់​ក៏​នៅ​ឈឺចាប់​មុខ​របួស ហើយ​បើ​សម្រាល​តាម​ធម្មជាតិ​ទ្វារមាស​ក៏​នៅ​មិន​ទាន់​ត្រឡប់​មក​សភាព​ដើម​ទាំង​ស្រុង​ដែរ។ មួយទៀត​ម៉ាក់​ៗ​អស់​កម្លាំង ព្រោះ​ត្រូវ​មើល​ថែ​កូន​ទាំង​យប់​ទាំង​ថ្ងៃ ដូចនេះ​បើ​ស្វាមី​ទាមទារ​ចង់​ធ្វើ​រឿង​លើ​គ្រែ​ទាំង​បង្ខំ​ ម៉ាក់​ៗ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ