សុខភាព September 30, 2019 Khmernote
អ្នកចង់ចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

ការ​បន្សល់​ស្នាម​សាក់​លើ​ខ្លួន អាច​ជា​រឿង​តុបតែង​លម្អ ឬ​អាច​ជា​ការ​សម្គាល់​​​ព្រឹត្តិការណ៍​សំខាន់​ៗ​នៅ​ក្នុង​ជីវិត​របស់​​​គេ ទោះ​ជា​មាន​គ្នាយើង​ខ្លះ មិន​ស្រឡាញ់ ឬ​មិន​ឲ្យ​តម្លៃ​ទូលំទូលាយ​ដល់​អ្នក​លេង​ខ្លួន​មាន​សាក់​យ៉ាង​ណា​ក្ដី។ ការ​ចាក់​សាក់​ គឺ​មាន​ទាំង​ការ​ឈឺ​ចាប់ និង​មាន​​​ស្មុគ​ស្មាញ​ក្នុង​ប្រឈមមុខ​នឹង​អ្នកជុំវិញ​ខ្លួន​មាន​ទាំង​មិត្តភ័ក្ដិ និង​ក្រុមគ្រួសារ បូករួម​ទាំង​ការ​ថែទាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​ចាក់​សាក់​រួច​នោះ មាន​មនុស្ស​ជាច្រើន​មាន​បំណង​ចង់​លុប​ចោល​វិញ ប៉ុន្តែ​ដោយ​មិន​ដឹង​ពី​វិធី​ក្នុង​ការ​លុប​ចេញ​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​

១- ការថែស្នាមសាក់​

– ការថែទាំភ្លាមៗ៖ យើងត្រូវ​រុំ ឬ​បិទ​ឲ្យ​បាន​ពី ១ ទៅ ៣ ម៉ោង បន្ទាប់​ពី​ចាក់​សាក់​រួច។ ការ​រុំ​គឺ​អាច​ប្រមូល​នូវ​ឈាម និង​រក្សា​នូវ​ទឹក​ថ្នាំ​សាក់​បាន ហើយការ​រុំ​​អាស្រ័យ​​លើ​ស្នាម​សាក់​។

ត្រូវ​រក្សា​ស្នាម​សាក់​ឲ្យ​នៅ​ស្អាត​ ​លាង​​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ជាមួយ​សាប៊ូ​ប្រឆាំង​បាក់តេរី និង​គ្មាន​ក្លិន​ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ។ ​​ត្រូវ​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ស្នាម​សាក់​​ជា​សះ​ស្បើយ​។ ​​​មិន​ត្រូវ​ប៉ះ​ស្នាម​សាក់ បើ​សង្ស័យ​ថា​ដៃអត់​ស្អាត។

ត្រូវ​រក្សា​ស្នាម​សាក់​ឲ្យ​មាន​សំណើម​ដោយ​លាប​ថ្នាំ​ប្រេង (Ointment) ​បន្ទាប់​ពី​​​បាន​លាង​សំអាត​​រួច ពីរ​បី​ថ្ងៃ​ដំបូង។ ​គ្រាន់​តែ​លាប​វា​ស្តើង​ៗ​លើ​ស្បែក​ដើម្បី​ឲ្យ​ស្នាម​សាក់​ឆាប់​ជា​សះ​ស្បើយ​តែ​ប៉ុណ្ណោះ។ ការ​លាប​ថ្នាំ​ប្រេង​ច្រើន​ពេក​ក៏​អាច​រារាំង​ដល់​ការ​ជា​សះស្បើយ​បាន​ដែរ។

បន្ទាប់​ពី​ប្រើ​ថ្នាំ​ប្រេង​បាន​ពីរបី​ថ្ងៃ​រួច យើង​អាច​ជ្រើសរើស​ប្រើ​ឡេ​ជំនួស​បាន។ ​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​តឹង​ពេក​នោះ​ទេ​ ត្រូវ​ទុក​លំហ​ខ្លះ​ដើម្បី​ឲ្យ​ខ្យល់​បាន​ចេញ​ចូល។ ត្រូវ​ព្យាយាម​ចៀស​វាង​ការ​ដេក ​(សង្កត់) លើ​ស្នាម​សាក់​​ ដោយ​សារ​​វា​អាច​កកិត​ដោយ​ខោ​អាវ​​ដែល​អាច​បណ្តាល​ឲ្យ​ហៀរទឹក​ខ្មៅ ឬ​ខូច​ស្នាម​សាក់​បាន។

​ពេល​ដែល​ស្នាម​សាក់​កំពុង​តែ​នឹង​ជា ​ត្រូវចៀស​វាង​ហែល​ទឹក ត្រាំ​ទឹក ឬ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​ញើស​ខ្លាំង។ ត្រូវ​ចៀស​វាង​កុំ​ឲ្យ​ត្រូវ​នឹង​ពន្លឺ​ព្រះអាទិត្យ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ដំបូង ដោយ​វា​អាច​ធ្វើ​ឲ្យ​ខូច​ស្នាម​សាក់ និង​ពន្យា​នូវ​ការ​ជា​សះស្បើយ​នៃ​ស្នាម​សាក់។

​ពេល​ងូត​ទឹក ត្រូវ​ប្រាកដ​ថា​ទឹក​មិន​ក្តៅ​ពេក ហើយ​ក៏​មិន​ត្រូវ​ងូត​យូរ​ពេក​ដែរ។ មិន​ត្រូវ​បក ឬ​កោស​ស្នាម​សាក់​ឡើយ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ស្នាម​សាក់ ឬ​ពណ៌។

– ការថែរក្សារយៈពេលយូរ៖ បន្ទាប់​ពី​បាន​ចាក់​សាក់​ចេញ​នោះ​ ចាំបាច់​ត្រូវ​លេប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ មុន​ពេល​​ចេញ​ទៅ​ក្រៅ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ។ ត្រូវ​រក្សា​ឲ្យ​ស្នាម​សាក់​​មាន​សំណើម​ ដោយ​សារ​វា​អាច​ជួយ​រូប​សាក់​មិនឲ្យ​ហើរ​ពណ៌។

២- ការលុបស្នាមសាក់ចេញវិញ

មធ្យោ​បាយ​សុវត្ថិភាព​បំផុត​ក្នុង​ការ​លុប​ស្នាម​សាក់​ចេញ​ គឺ​ការ​លុប​ដោយ​ប្រើ​នូវ​ឧបករណ៍​លុប​សាក់។ ការ​ប្រើ​ប្រាស់​វិធី​បុរាណ​តាម​ផ្ទះ​ គឺ​គ្មាន​សុវត្ថិភាព​នោះ​ទេ។

មាន​រឿង​ជាច្រើន​ដែល​​​ត្រូវ​ពិចារណា​​ ​ពេល​​ចង់​លុប​ស្នាម​សាក់​ចេញ ​រួម​មាន៖
– ត្រូវ​ស្វែង​យល់​អំពី​វិធីសាស្រ្ត​​លុប​ស្នាម​សាក់​ចេញ។ វិធីសាស្ត្រ​ដែល​គេ​ធ្វើ​ច្រើន​បំផុត​នោះ​ គឺ​ការ​ប្រើ​ឡាស៊ែរ។ ក្រៅ​ពី​ការ​បាញ់​ឡាស៊ែរ ​វា​ក៏​នៅ​មាន​ជម្រើស​ផ្សេង​ទៀត ដូច​ជា ​ការ​វះ​កាត់ cryosurgery ការ​លាប​ថ្នាំ​គីមី ការ​វះ​កាត់ ឬ​ការ​បក​ស្បែក។
– ជ្រើស​រើស​យក​អ្នក​ឯក​ទេស​ដែល​មាន​កេរ្តិ៍​ឈ្មោះ ឬ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​លុប​ស្នាម​សាក់​ចេញ។
– ជ្រើស​រើស​នូវ​វិធី​សាស្រ្ត​ណា​គិតថាល្អ ឬពិភាក្សាជាមួយអ្នកចាក់សាក់។

៣- ជម្រើសលុបស្នាមសាក់ចេញ៖

– ការបាញ់ឡាស៊ែរ៖ វា​ជា​វិធីសាស្រ្ត​ដោយ​ប្រើ​បាច់​ពន្លឺ​ក្នុង​កម្រិត​ខ្ពស់។ បាច់​ពន្លឺ​នឹង​ចាប់​យក​នូវ​ទីតាំង​របស់​ទឹក​ថ្នាំ​ក្រោម​ស្បែក ​បន្ទាប់​មក​ ពន្លឺ​នឹង​បំបែក​ទឹក​ថ្នាំ​ឲ្យ​ទៅ​ជា​បំណែក​តូច​ៗ​ដើម្បី​ឲ្យ​រាង​កាយ​​ស្រូប​យក។

– ការបកស្បែក៖ វិធី​សាស្ត្រ​នេះ ​ត្រូវ​​ប្រើ​ថ្នាំ​ស្ពឹក រួច​បក​នូវ​ស្រទាប់​ស្បែក​ដែល​នៅ​ក្រោម​ស្នាម​សាក់ ហើយ​ទឹក​ថ្នាំ​សាក់​ក៏​នឹង​ត្រូវរលុប​ចេញ។

– ការវះកាត់៖ បើ​ស្នាម​សាក់​មិន​មាន​ទំហំ​ធំ​ នោះ​ការ​វះ​កាត់​គឺ​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត។ ​បរិវេណ​ស្នាម​សាក់​ ត្រូវ​កាត់​ចេញ​ បន្ទាប់​មក​មុខ​របួស​ក៏​នឹង​ត្រូវ​បាន​ដេរ​វិញ​ដែរ។

– Cryosurgery៖ ស្នាម​សាក់​ត្រូវ​បាន​ដុត​ដោយ​អាសូត​រាវ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​បង្កក។

– ការលាបថ្នាំ៖ វា​អាច​ធ្វើ​ឲ្យ​កន្លែង​សាក់​មាន​ពង​បែក និង​របក។ វិធី​នេះ​ធ្វើ​ឡើង​ជាមួយ​នឹង​ការ​វះ​កាត់ cryosurgery គឺ​មិន​មាន​ប្រសិទ្ធ​ភាព​ដូច​ការ​បាញ់​ឡាស៊ែរ​ទេ​ព្រោះ​វា​មិន​អាច​យក​ស្លាក់​ស្នាម​សាក់​ចេញ​បាន​ទាំង​ស្រុង​ឡើយ។

​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​ស្នាម​សាក់​ថ្មី​ដែល​នៅ​របួស។ ដូច​គ្នា​​ដែរ ការ​លុប​ស្នាម​សាក់​វិញ ​ត្រូវធ្វើ​តាម​របៀប​ដែល​មាន​សុវត្ថិភាព​បំផុត ហើយ​​​​ត្រូវ​​​ពិចារណា​ឡើង​វិញ​ម្តង​ទៀត​មុន​ពេល​ ​​សម្រេច​ចិត្ត​ចាក់​សាក់​ បើ​មិន​ចង់​ឈឺក្បាល​រឿង​លុប​វិញ​ថ្ងៃ​ក្រោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ