រថយន្ត October 2, 2019 lyda
តោះមកស្គាល់រថយន្តស៊េរីទំនើបប្រភេទ Limousine ដែលប្រធានាធិបតីចិនតែងតែជិះនៅក្នុងព្រឹត្តការណ៍ធំៗ

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃគម្រប់ខួបទី៧០ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយលោកប្រធាន ម៉ៅ សេទុង ដែលលោកជាអ្នកបង្កើតរបបនេះឡើងចាប់តាំងពី ឆ្នាំ១៩៤៩ បន្ទាប់ពីកម្លាំងកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិល។ នៅថ្ងៃប្រារព្ធខួបនោះផងដែរគេឃើញថា មានការចូលរួមពីក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដែលមានទាំងកងកម្លាំង កងទ័ព គ្រឿងសព្វាវុធ និងយន្តហោះចម្បាំងផ្សេងៗ។

ក្នុងនោះផងដែរប្រធានាធិបតីបច្ចុប្បន្នលោក ស៊ី ជីនពីង ក៏បានជិះរថយន្តម៉ាក Hongqi L5 ជាប្រភេទ Limousine ដើម្បីជិះពិនិត្យមើលក្បួនព្យុហយាត្រាយោធាយ៉ាងធំនោះ ដែលក្រុមកម្លាំងបានបង្ហាញខ្លួននៅទីលានធានអានមេន។ យ៉ាងណាមិញលោកអ្នកចង់ដឹងដែរទេថា រថយន្តរបស់លោកប្រធានមានលក្ខណៈពិសេសអ្វីខ្លះ? ខាងក្រោមនេះជាលក្ខណៈពិសេសនៃរថយន្ត៖

រថយន្ត Hongqi L5 គឺជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាព Classic និងភាពទំនើប ទៅតាមកាលវេលា ដែលធ្វើឱ្យប្រភេទ limousine មានភាពអង់អាចអស្ចារ្យ។ វាគឺជារថយន្តប្រទេសចិនដែលមានតម្លៃថ្លៃជាងគេបំផុត និងមានភាពប្រណីត ជាមួយនឹងបទពិសោធន៍ធ្វើដំណើរល្អឯក។

កាងខាងមុខធំល្អ មានរាងជាក្រឡាបញ្ឈរឆ្នូតៗដូចទឹកជ្រោះ ដែលជួយឱ្យម៉ាស៊ីនខាងក្នុងមិនមានសំឡេងរំខាន អនុញ្ញាតឱ្យម៉ាស៊ីនធ្វើការបានល្អ។

ថ្វីបើ Hongqi មានរូបរាងបុរាណ និងសម័យលាយគ្នា ដងទង់នៅចំហៀងរបស់វាត្រូវបានរចនាឡើងយ៉ាងទាន់សម័យ ដែលធ្វើឱ្យរថយន្តនេះកាន់តែស្អាត។

ចង្កៀងបំភ្លឺផ្លូវរបស់វាមានរូបរាងមូល លំនាំដូចជាចង្កៀង halogen និងមានទាំង​រន្ធ​ខ្យល់​ផងដែរ ដែលកាន់តែបន្ថែមភាពលេចធ្លោឱ្យរថយន្តនេះ។

អំពូលភ្លើង LED lights បន្ថែមសុវត្ថិភាពដល់ការបើកបរ ហើយវាមានរាងដូចជាទង់ជាតិ ដែលធ្វើឱ្យ Hongqi មើលទៅដូចជារថយន្តនៃអ្នកដឹកនាំដ៏អស្ចារ្យ។

ជាមួយនឹងទំហំ 275/40 R20 និងអង្កត់ផ្ចិតខាងក្រៅទំហំ 728មីលីម៉ែត្រ ដែលមានសមត្ថភាពខ្ពស់ វាត្រូវបានបំពាក់ដោយយ៉ាន់ទំហំ 20អ៊ីញ មាន 9កាំ ដែលធ្វើឱ្យវាកាន់តែមានស្ថេរភាពប្រតិបត្តិការ។ មុខងារធន់នឹងការបង្ហូរទឹក និងរអិលដ៏ល្អឥតខ្ចោះ ដែលផ្តល់នូវបទពិសោធន៍បើកបរ និងជិះស្រួល។

មានក្រូមីញ៉ូមផ្តេកចំនួន 4ជួរ នៅអមសង់ខាងនីមួយៗនៃផ្លាកលេខ ហើយសរុបទៅគឺ 8 ដែលមានន័យថា “សន្តិភាព និងសុវត្ថិភាពក្នុងទិសទាំងបួន និងស្ថេរភាពក្នុងទិសទាំងប្រាំបី”។

ការរចនារួមនៃផ្ទាំងតាបឡូគឺមានរាងកោងលំនាំអគារបុរាណចិន។ ការរចនារាងការ៉េ និងរង្វង់នៅក្នុងបន្ទះឧបករណ៍រួមបញ្ចូលគ្នា ដែលបង្កប់អត្ថន័យគំនិតទស្សនវិជ្ជាចិននៃ “រង្វង់ក្នុងការ៉េ” និងផ្ទាំងព័ត៌មានឌីជីថលនៅកណ្តាល ដែលបង្ហាញពីសម្រស់នៃរសជាតិវប្បធម៌ចិនបុរាណ។

ដោយរក្សានូវប្រពៃណីនៃការរចនាដៃចង្កូត និងការរួមបញ្ចូលគ្នារវាងរចនាបថទំនើប និងរសជាតិបែបបុរាណ ចង្កូតរបស់ Hongqi L5 មានបំពាក់ដោយគ្នាស់ និងមានរូប “ផ្កាឈូករ័ត្ន” នៅចំកណ្តាលដែលធ្វើឱ្យមានភាពស៊ីគ្នាទៅវិញទៅមក។

បំពាក់ដោយម៉ាស៊ីនដែលផលិតដោយខ្លួនឯងដំបូងបង្អស់គឺ Hongqi V-type 12ស៊ីឡាំង ដែលមានថាមពល 440Nm/1000rpm ហើយថែមទាំងផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃបច្ចេកទេសសន្សំសំចៃថាមពល រចនាទំងន់ស្រាល ការត្រួតពិនិត្យសំឡេងរំញ័រ និងទិន្នផលថាមពលដ៏រឹងមាំ៕

អត្ថបទ៖ លីដា