រថយន្ត October 4, 2019 lyda
ឥណ្ឌានឹងក្លាយជាប្រទេសដំបូងដែលសាងសង់ “Hyperloop” មធ្យោបាយដឹកជញ្ជូនថ្មីមានល្បឿន 1,000គីឡូម៉ែត្រ/ម៉ោង

ចាប់តាំងពីលោក Elon Musk បានស្នើឡើងជាលើកដំបូងនូវគំនិតនៃការបង្កើត “Hyperloop” សំណួរជាច្រើនបានចោទសួរថា តើប្រទេសណាដែលនឹងក្លាយជាប្រទេសដំបូងគេ ដែលនឹងដាក់បម្រើនូវមធ្យោបាយដឹកជញ្ជូនថ្មីនេះ។ ឥឡូវនេះយើងមានការបញ្ជាក់កាន់តែច្បាស់ហើយ ដោយឥណ្ឌានឹងក្លាយជាប្រទេសទីមួយដែលនឹងដំណើរការវាឡើង។ Hyperloop កំពុងត្រូវបានដឹកនាំបង្កើតដោយក្រុមហ៊ុន Virgin Hyperloop One ដោយមានការគាំទ្រពីលោក Richard Branson ដែលជាស្ថាបនិករបស់ Virgin Group ។

ថ្លែងជាមួយ Yahoo Finance នាយកប្រតិបត្តិក្រុមហ៊ុន Hyperloop One លោក Jay Walder បានបង្ហើបឱ្យដឹងថា ការងារកំពុងតែដំណើរការលើគម្រោងមួយនៅក្នុងប្រទេសឥណ្ឌា។ លោកបានមានប្រសាសន៍ថា៖ “គម្រោងធំមួយដែលយើងបានធ្វើការនៅពេលនេះគឺនៅប្រទេសឥណ្ឌា គឺត្រូវកសាងផ្លូវពីក្រុងបុមបៃ ទៅក្រុងផូន (Pune) ” គាត់បន្តថា “គម្រោងនេះនឹងមានចំងាយ ៧.៥ ម៉ាយល៍។ …ខ្ញុំគិតថានឹងមានវាដំណើរការនៅចុងឆ្នាំ២០២០។ ដូច្នេះវាពិតជាគួរឱ្យរំភើបណាស់។ វាកំពុងកើតឡើង។ ឥឡូវនេះវាមកដល់ហើយ” ។

គួរឱ្យដឹងដែរថា Virgin Hyperloop One ធ្លាប់តេស្តសាកល្បង hyperloop នៅរដ្ឋ Nevada សហរដ្ឋអាមេរិក និងបានធ្វើតេស្តពេញលេញដំបូងរបស់ខ្លួនដោយជោគជ័យនៅចុងឆ្នាំ២០១៧។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ការធ្វើតេស្តនោះ ល្បឿនអតិបរមារបស់វាឈានដល់ត្រឹមតែ ២៤០ ម៉ាយ/ម៉ោង (៣៨៦គីឡូម៉ែត្រ) ប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុនទទួលបានការយល់ព្រមសម្រាប់គម្រោង Mumbai-to-Pune លោក Jay Walder មានទំនុកចិត្តថា ការងារនៅលើផ្លូវដែកនេះអាចចាប់ផ្តើមនៅដើមឆ្នាំ២០២០។ ខាងក្រោមនេះគឺជារូបភាពមួយចំនួនរបស់ Hyperloop នៅឯរដ្ឋ Nevada ៖

អត្ថបទ៖ លីដា