បច្ចេកវិទ្យា October 5, 2019 Khmernote
Apple បដិសេធមិនឲ្យមាន app ទូរស័ព្ទមួយនៅហុងកុង ដោយសារមូលហេតុនេះ

យោងតាមប្រភពព័ត៌មានពី The Businessinsider បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទយក្សអាមេរិក Apple បានបដិសេធមិនឲ្យដំណើរការនូវកម្មវិធីទូរស័ព្ទថ្មីមួយនៅក្នុងទីក្រុងហុងកុងក្រោយរកឃើញថា កម្មវិធីនេះមានមុខងារ ដែលអាចតាមដានរាល់ផែនការ និងសកម្មភាពប្រតិបត្តិការទាំងឡាយរបស់ក្រុមប៉ូលីសផង និងក្រុមតវ៉ាប្រឆាំងផង។

គួរបញ្ជាក់ថា សកម្មភាពហិង្សានៅតែបន្តកើតឡើងនៅក្នុងទីក្រុងនេះដដែលអស់រយៈពេលជាច្រើនខែមកហើយ ហើយនៅពេលចុងក្រោយនេះស្ថានភាពកាន់តែអាក្រក់នៅក្រោយពេលដែលយុវជនអាយុ១៨ឆ្នាំម្នាក់ត្រូវបានក្រុមប៉ូលីសបាញ់ឲ្យរបួសកាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា HKMap Live ដែលមានមុខងារក្នុងការបង្ហាញពីផែនទីទូទៅនៅទូទាំងទីក្រុងព្រមជាមួយនឹងការផ្តល់សញ្ញាឲ្យអ្នកប្រើប្រាស់បានដឹងអំពីព័ត៌មាននៃសកម្មភាពរបស់ក្រុមតវ៉ា និងសញ្ញាព័ត៌មានអំពីទីតាំងវត្តមានរបស់ប៉ូលីសផងដែរ។

កាលពីពេលថ្មីៗនេះ តាមរយៈគណនេយ្យ Twitter របស់ HK Map Live បានប្រកាសថា ក្រុមហ៊ុន Apple បានបដិសេធមិនដំណើរការកម្មវិធីរបស់ខ្លួនឡើយនៅលើ App Store ដែលជាវិធីតែមួយគត់សម្រាប់អ្នកប្រើប្រាស់ iPhone ធ្វើការដោនឡូតយកមកប្រើ៕

អត្ថបទ៖ Lee