បច្ចេកវិទ្យា October 7, 2019 lyda
ក្ដីសង្ឃឹមថ្មីសម្រាប់អ្នកពិការ ដោយអ្នកវិទ្យាសាស្ដ្របានបង្កើតឧបករណ៍រ៉ូបូតម៉្យាង ដែលបញ្ជាដោយប្រើខួរក្បាល

ថ្មីៗនេះអ្នកវិទ្យាសាស្ដ្របានស្រាវជ្រាវ និងបង្កើតបាននូវឧបករណ៍ម្យ៉ាងដូចជារ៉ូបូត (robotic exoskeleton) ដែលអាចឱ្យមនុស្សពិការមិនអាចកម្រើកខ្លួនបាន (paralyzed) អាចធ្វើចលនាដោយប្រើរ៉ូបូតនេះ ហើយបញ្ជាវាពីខួរក្បាលអ្នកជំងឺផ្ទាល់។ ក្នុងនោះផងដែរទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា បុរសអាយុ ២៨ឆ្នាំម្នាក់ មកពីទីក្រុងលីយ៉ុង ប្រទេសបារាំង ឈ្មោះថា Thibault ត្រូវបានគេដាក់ឱ្យសាកល្បងរ៉ូបូតនេះបានយ៉ាងជោគជ័យ ដែលធ្វើឱ្យគាត់អាចមានបទពិសោធន៍កម្រើកដៃជើងបានសារជាថ្មី។

បុរសម្នាក់នេះគាត់ពិការពីត្រឹមស្មាដល់ក្រោម ដោយសារគាត់ធ្លាក់ពីយ៉រផ្ទះកម្ពស់ ៤០ហ្វីត ហើយធ្វើឱ្យគាត់មានបញ្ហាពិការតាំងពីពេលនោះមក។ សព្វថ្ងៃគាត់ប្រើរទេះជាជំនួយក្នុងដំណើររបស់គាត់ ហើយលទ្ធផលនៃការសាកល្បងរ៉ូបូតនេះអាចជាជោគជ័យធំមួយ និងជាក្ដីសង្ឃឹមសម្រាប់ជនពិការ ដែលពួកគាត់តែងស្វែងរកក្ដីសង្ឃឹមក្នុងការអាចធ្វើចលនាសារជាថ្មី។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Grenoble ក្នុងប្រទេសបារាំង, មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្ត Clinatec និងមជ្ឈមណ្ឌលស្រាវជ្រាវ CEA បានផ្សាំឧបករណ៍ថតសំឡេងនៅផ្នែកម្ខាងនៃក្បាលរបស់លោក Thibault នៅចន្លោះខួរក្បាល និងស្បែក ដើម្បីលាតសន្ធឹងឧបករណ៍ចាប់សញ្ញាតំបន់ខួរក្បាល (sensorimotor cortex) ដែលជាតំបន់បញ្ជាចលនាដៃជើង និងអារម្មណ៍របស់មនុស្ស។ អេឡិចត្រូដប្រមូលសញ្ញាខួរក្បាលរបស់បុរសនោះ ហើយបកប្រែវាឱ្យរ៉ូបូតអាចយល់នឹងធ្វើចលនាតាម៕

អត្ថបទ៖ លីដា