សង្គម October 7, 2019 mesa mesa
ដើម្បីថែរក្សា និងអភិរក្ស ក្នុងគោលបំណងច្នៃប្រឡាយទឹកឲ្យក្លាយជាតំបន់ទេសចរណ៍ ថៃបានបើកដៃឲ្យ Street Artist គូររូបគំនូរតាមចិត្តនៅលើជញ្ជាំងដែលស្ថិតនៅតាមបណ្តោយប្រឡាយទឹកបាងឡាំផូ

ដូចដែលយើងដឹងថាប្រទេសថៃ គឺជាប្រទេសឆ្លាតវៃមួយក្នុងការបង្កើតគំនិតច្នៃប្រឌិតទាក់ទាញ ជាវិសេសលើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍តែម្តង។ ជាក់ស្តែងកាលពីថ្ងៃទី៥ ទី៦ ខែតុលា កន្លងទៅនេះ ដើម្បីបំផុសគំនិតអភិរក្សប្រឡាយទឹកស្អុយមួយនៅក្រុងបាងកក ការិយាល័យអភិរក្ស និងការពារដែនដី ប្រចាំក្រុងបាងកក បានបង្កើតកម្មវិធីតាំងពិព័រណ៍មួយឈ្មោះថា “ការពារប្រឡាយទឹកបាងឡាំផូ (Banglamphu Canal Festival)” ដោយបើកដៃអនុញ្ញាតឲ្យអ្នកគូគំនូរមានថ្វីដៃទាំងអស់មកបញ្ចេញស្នាដៃសិល្បៈ Street Art របស់ខ្លួននៅតាមជញ្ជាំងដែលព័ទ្ធជុំវិញប្រឡាយទឹកមួយនេះ។

គួររំលឹកឲ្យដឹងដែរប្រឡាយទឹកបាងឡាំផូ គឺជាអតីតប្រឡាយទឹកស្អុយមួយនៅក្នុងទីក្រុងបាងកក ដែលពោរពេញទៅដោយសំរាម និងកាកសំណល់កខ្វក់គ្មានអនាម័យ។ ក្រោយមកនៅឆ្នាំ២០១៧ ប្រជាជនថៃបានមូលកម្លាំងគ្នា ធ្វើកម្មវិធីសម្អាតប្រឡាយទឹកមួយនេះដោយមានការជិះទូករើសសំរាម ស្តារប្រព័ន្ធលូ ព្រមទាំងបង្កើតជារបាំងទប់សំរាម។ បេសកកម្មមួយនេះគឺទទួលបានជោគជ័យជាខ្លាំង ដោយមិនត្រឹមតែប្រជាជនថៃចូលរួមប៉ុណ្ណោះឡើយ គេសង្កេតឃើញមានវត្តមានភ្ញៀវបរទេសចូលរួមដូចគ្នា។ មកទល់បច្ចុប្បន្ននេះ ប្រឡាយទឹកបាងឡាំផូ បានប្រែក្លាយសម្រស់មកជាស្រស់ស្អាត ទឹកក៏មិនមែនពណ៌ខ្មៅដូចពេលមុន ជាពិសេសក៏មានការធ្វើដំណើរកម្សាន្តទេសចរណ៍តាមរយៈការជិះទូកកម្សាន្តផងដែរ។

ដើម្បីថែរក្សា និងអភិរក្ស ដោយក្នុងគោលបំណងកែច្នៃប្រឡាយទឹកនេះឲ្យក្លាយជាតំបន់ទេសចរណ៍នោះ ការិយាល័យអភិរក្ស និងការពារដែនដី ក៏បានរៀបចំកម្មវិធីតាំងពិព័រណ៍នេះឡើង ដោយស្នាដៃគំនូរ Street Art ដ៏ស្រស់ស្អាតជាច្រើនរំលេចខ្លួនតាមជញ្ជាំងដែលស្ថិតបណ្តោយប្រឡាយទឹកមួយនេះ៕