រថយន្ត October 7, 2019 lyda
Vantage Roadster របស់ក្រុមហ៊ុន Aston Martin ចេញរូបរាងជាផ្លូវការហើយ មុនការមកដល់ទីផ្សារនៅដើមឆ្នាំក្រោយ

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីកាលពីខែមីនា ប្រធានផ្នែកច្នៃប្រឌិតរបស់ Aston Martin លោក Marek Reichman បានប្រកាសថា Vantage Roadster នឹងត្រូវបង្ហាញនៅមុនដំណាច់ឆ្នាំនេះ។ សម្រាប់រូបភាពជាផ្លូវការដំបូង និងព័ត៌មានលម្អិតរបស់ Vantage Roadster ក៏បានចេញជាបណ្ដើរៗហើយ មុនការមកដល់របស់វានៅឆ្នាំ២០២០។ ​Vantage ដូចដែលបានឃើញនៅក្នុងរូបភាព អាចនឹងធ្វើឱ្យអ្នកដកចិត្តពី Porsche 911 Cabriolet ឬ Audi R8 Spyder ជាមួយនឹងរូបរាងខ្មៅក្រិប, ទម្ងន់អំណោយផល និងភាពស្រស់ស្អាត ថែមទាំងជាប្រភេទបើកដំបូល (Convertible) ផងនោះ។

Vantage Roadster មានទម្ងន់ 3,373ផោន (1,530គីឡូក្រាម) និងមានសន្ទុះល្បឿន 60ម៉ាយ/ម៉ោង (0-100គីឡូម៉ែត្រ) ក្នុងរយៈពេលតែ 3វិនាទីកន្លះ ខណៈល្បឿនជាអតិបរមាគឺ 196ម៉ាយ/ម៉ោង (315គីឡូម៉ែត្រ/ម៉ោង) ជាមួយនឹងសំឡេងម៉ាស៊ីន AMG យ៉ាងរណ្ដំ។ បើនិយាយពី AMG ក្រុមហ៊ុន Mercedes បានផ្គត់ផ្គង់ម៉ាស៊ីនភ្លោះទួរប៊ីន V8 ទំហំ 4.0លីត្រ ឱ្យមក Vantage Roadster ដែលធ្វើឱ្យរថយន្តមានកម្លាំង 503សេះពេញ ជាមួយនឹងកម្លាំងបង្វិល 505 p-f (685Nm) ។ Vantage Roadster គឺជាប្រភេទបន្ថែមក្នុងជួររបស់ Aston Martin ដូច្នេះវាអាចនឹងរកបានក្នុងតម្លៃពី 149,995ដុល្លារ នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា