បច្ចេកវិទ្យា October 8, 2019 Khmernote
Samsung បិទរោងចក្រផលិតស្មាតហ្វូននៅចិនហើយ កំពុងសម្លឹងទីតាំងថ្មីអាចជាវៀតណាម ឬក៏ឥណ្ឌា

ទីបំផុតក្រុមហ៊ុនយក្សកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការហើយតាមរយៈទីភ្នាក់ងាររ៉យទ័រថា រោងចក្រផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសចិនបានបញ្ចប់ដំណើរការជាផ្លូវការហើយ។

តាមការអះអាងដដែលដោយតំណាងរបស់ក្រុមហ៊ុនក៏បានបញ្ជាក់ប្រាប់សារព័ត៌មានផ្សេងទៀតដែរថា ចំពោះបញ្ហាផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួននឹងត្រូវស្ថិតនៅក្នុងពិចារណានៅឡើយគឺជាក់ស្តែងនឹងអាស្រ័យទៅលើយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន និងតម្រូវការនៅលើទីផ្សារបច្ចុប្បន្ន។

គួររំលឹកដែរថា ព័ត៌មានដែលធ្លាប់បានចេញផ្សាយកន្លងមកមុនការអះអាងផ្ទាល់ដោយ Samsung បានសរសេរថា រោងចក្រចុងក្រោយមួយរបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Huizhou ស្ថិតនៅក្នុងខេត្តក្វាងដុង ដំណើរការដំបូងតាំងតែពីឆ្នា១៩៩២ គឺនឹងត្រូវបិទទ្វារនៅត្រឹមចុងខែតុលានេះ។ កាលពីរដូវក្តៅកន្លងមក Samsung បានសម្រេចចិត្តកាត់បន្ថយផលិតកម្ម និងកម្មករនៅរោងចក្រមួយនេះផងដែរ។

តើវាមានន័យថា Samsung នឹងបិទទីផ្សារប្រទេសចិនមែនឬទេ?ច ម្លើយគឺមិនមែនឡើយ ប៉ុន្តែគេសង្ស័យថា ក្រុមហ៊ុនយក្សកូរ៉េមួយនេះកំពុងសម្លឹងឃើញទីតាំងថ្មីល្អជាងនេះ ដើម្បីយករោងចក្ររបស់ខ្លួនមកតាំងក្នុងនោះមានដូចជាប្រទេសវៀតណាម ឬប្រទេសឥណ្ឌាផង៕

អត្ថបទ៖ Lee