ព័ត៌មានជាតិ October 8, 2019 Khmernote
ស្រវឹងហើយបើកឡានទៅបុកម៉ូតូ២គ្រឿងឲ្យគេរបួស មិនព្រមដោះស្រាយថែមទាំងគេចខ្លួន ពេលជនរងគ្រោះទៅដាក់ពាក្យប្តឹងក៏គ្មានអ្នកទទួល ដោយសង្កាត់ថាឲ្យទៅប៉ុស្តិ៍ ហើយប៉ុស្តិ៍ក៏ថាមិនមែនជាការងារខ្លួន

ថ្មីៗនេះមានករណីបុរសម្នាក់បើកបរទាំងស្រវឹងជោគជាំ ព្រមទាំងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករងរបួស និងគេចខ្លួនមិនព្រមទទួលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តាលផ្លូវ ៧២P មុខខ្លោងទ្វារចូលបុរីពិភពថ្មី២០១១ ក្បែរប៉ុស្តិ៍នគរបាលគោគឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរសៀលម៉ោង ៤និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។ អ្នកបង្កគ្រោះថ្នាក់នេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ដោយបុរសរូបនោះបានបើករថយន្តម៉ាក កាមេរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AG-2410 ទាំងសភាពស្រវឹងស្រា និងមានដឹកគ្នីគ្នាម្នាក់ទៀតដែលស្រវឹងដេកក្នុងរថយន្ត បានបើកបុក ប្តីប្រពន្ធមួយគូដែលកំពុងជិះម៉ូតូចូលបុរីពិភពថ្មី ពីក្រោយបណ្តាលឲ្យរងរបួសដៃ និងជើងមួយជំហៀង ខូចខាតសម្ភារៈ រួចបន្តទៅបុកបុរសចំណាស់ជាម៉ូតូឌុបម្នាក់បណ្តាលឲ្យរងរបួសព្រមទាំងខូចខាតម៉ូតូ។

<

ក្រោយពីបានបង្កហេតុបុរសរូបនោះមិនព្រមដោះស្រាយព្យាយាមរត់គេចខ្លួន ហើយនិយាយមិនដឹងខុសត្រូវព្រោះតែស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគ ដោយជនរងគ្រោះបានពាំងមុខឡានច្រើនដង បុរសបង្កហេតុក៏បានប្រើពាក្យសម្តីមិនសមរម្យព្រមទាំងចង់ប្រើហិង្សា។​ ដោយមិនអាចឃាត់អ្នកបង្កហេតុមកដោះស្រាយបាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង ដោយពេលទៅសង្កាត់ភ្នំពេញថ្មី ដាក់ពាក្យប្តឹង តែត្រូវខាងសង្កាត់ប្រាប់ឲ្យទៅប៉ុស្តិ៍ តែពេលទៅប៉ុស្តិ៍គោកឃ្លាំងក្បែរកន្លែងកើតហេតុ ខាងប៉ុស្តិ៍ថាមិនមែនជាការងាររបស់ខ្លួនទេឲ្យទៅខាងសង្កាត់វិញ ដោយប្រាប់ថាមិនទទួលទេ ឲ្យជនរងគ្រោះទៅខាងនគរបាលចរាចរណ៍ធំ។

នេះបើយោងតាមហ្វេសប៊ុកផេក Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជនរងគ្រោះ ៖ ល្ងាចមិញនេះម៉ោង៤កន្លះ នៅបណ្តោយផ្លូវ ៧២P ពីកើតទៅលិច នៅចំពីមុខខ្លោងទ្វារចូលបុរីពិភពថ្មី២០១១ ក្បែរប៉ុស្តិ៍នគរបាល គោគឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសម្នាក់នោះជិះគ្នា២នាក់ ម្នាក់ស្រវឹងសន្លប់ក្នុងឡាន ម្នាក់ទៀតបើកបរដោយស្រវឹងជោគជាំ បានជិះមកបុកខ្ញុំពីក្រោយ ដោយខ្ញុំជិះម៉ូតូឌុបគ្នា២នាក់ប្រពន្ធរៀបចូលក្នុងបុរី និងបុរសនោះរះទៅបុកម៉ូតូ១ ទៀត ជិះដោយពូម្នាក់អាយុចាស់ដែរ ដោយម៉ូតូគាត់នោះផ្លោងទៅម្ខាងនិងរបួសធ្ងន់ ចំណែកខ្ញុំនិងប្រពន្ធរបួសដៃនិងជើងមួយជំហៀងខ្លួនដោយកាច់ចង្កូតចូលផ្ទះគេទាន់ពេលកុំអីខ្ញុំត្រូវនៅក្រោមឡានបាត់ហើយ។ តែយ៉ាងណាក៏របួសនិងខូចខាតសំភារៈព្រមទាំងម៉ូតូផងដែរ រួចមកបុរសនោះចុះពីឡាន ខ្ញុំប្រាប់ថាអោយដោះស្រាយសំណងតាមជាក់ស្តែង តែគាត់មិនព្រមដោះស្រាយហើយព្យាយាមយករួចខ្លួនហើយនិយាយមិនដឹងខុសត្រូវដោយស្ថានភាពស្រវឹងជោគ រួចមកគាត់រត់ចូលឡានតែខ្ញុំពាំងមុខឡានច្រើនដង គាត់ក៏ជេរខ្ញុំហើយចង់វាយខ្ញុំទៀត។

ចុងក្រោយគាត់នៅតែជិះរត់ចេញព្រមទាំងជិះមកបុកខ្ញុំពាំងឡានទៀត រីឯសន្តិសុខបុរីនិងប្រជាជនមិនបានជួយឃាត់ជននោះទេ ខ្ញុំបានប្រាប់សន្តិសុខដែរថាអោយជួយខលប៉ូលីសហើយឃាត់គាត់ផងតែសន្តិសុខទាំងមេនិងកូននោះនិយាយថា បុរសនោះធ្វើជាមន្រី្តមិនហ៊ានទេ ចុងក្រោយជនល្មើសនោះបានជិះរត់បាត់។ ខ្ញុំក៏ទៅសង្កាត់ភ្នំពេញថ្មីដាក់ពាក្យបណ្តឹងក្រោយមកខាងសង្កាត់ថាអោយទៅប៉ុស្តិ៍ព្រោះការងារខាងប៉ុស្តិ៍ រួចខ្ញុំក៏ជិះទៅប៉ុស្តិ៍គោគឃ្លាំក្បែរកន្លែងកើតហេតុនោះ តែពេលទៅដល់ខាងប៉ុស្តិ៍គាត់ថាមិនមែនការងារគាត់ទេអោយទៅសង្កាត់ រួចខ្ញុំថាសង្កាត់គាត់អោយខ្ញុំមកប៉ុស្តិ៍ ហេតុអី្វអោយខ្ញុំទៅវិញ ស្រាប់តែគាត់ខលទៅមេគាត់ហើយប្រាប់ថាការងារនេះមិនទទួលទេ អោយខ្ញុំទៅខាងនគរបាលចរាចរណ៍ធំ ហើយដេញខ្ញុំចេញ ដូច្នេះទើបខ្ញុំចង់អោយបងជួយអោយបង្ហោះរូបបុគ្គលម្នាក់នោះផង ដើម្បីកុំអោយដើរតែផឹកជិះបុកគេទៀត។ សូមអរគុណបងទុកជាមុន”៕

ប្រភព៖ Traffic Spy – អ្នកប្រមាញ់ចរាចរណ៍