សង្គម October 8, 2019 mesa mesa
ថៃចែកប្រាក់ដល់ប្រជាជនខ្លួនចំនួនម្នាក់ ១០០០បាត ដើម្បីប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ដោយឡែកបុរសម្នាក់នេះយកប្រាក់ទាំងនោះទិញអាហារកំប៉ុងដើម្បីចែកជូនអ្នកខ្សត់

ថៃ៖ កាលពីថ្មីៗនេះរដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនឹងចែកប្រាក់ចំនួន ១០០០បាត ដល់ប្រជាជនថៃចំនួន១០លាននាក់ តាមរយៈ G-Wallet ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តឲ្យប្រជាជនថៃប្រើប្រាស់ថវិកាទាំងនេះសម្រាប់ចាយវាយក្នុងវិស័យទេសចរណ៍ និងទិញទំនិញ។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ លោកអ្នកតម្រូវឲ្យចុះឈ្មោះតាមរយៈស្មាតហ្វូន និងទាញយកកម្មវិធីព្រមទាំងធ្វើតាមការណែនាំជាការស្រេច។

ក្រោយពីវិធានការណ៍លើកកម្ពស់វិស័យទេសចរណ៍ ដោយចែកប្រាក់ចំនួន១០០០បាត នេះបានអនុវត្តន៍រួចមក គេសង្កេតឃើញថាប្រជាជនថៃហាក់សប្បាយរីករាយជាខ្លាំងក្នុងការចាយវាយ។ ក្នុងនោះយុវជនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Khotcharat Sinlaphan បែរជាខុសប្លែកពីអ្នកដទៃ ដោយគាត់បានចំណាយប្រាក់ចំនួន១០០០បាតនោះទៅទិញទំនិញនៅឯផ្សារទំនើប ដើម្បីចែកជូនដល់អ្នកក្រខ្សត់ និងអ្នកដែលពុំមានស្មាតហ្វូនប្រើប្រាស់ដូចជាលោកតា លោកយាយចាស់ៗគ្មានទីពឹងជាដើម។

ម្ចាស់គណនីរូបនេះបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ជាពិសេសរូបគេបានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ ការដែលជួយមនុស្សដែលកំពុងជួបខ្វះខាត និងជាមនុស្សរួមលោកជាមួយគ្នា​ ខ្ញុំមានក្តីសុខបំផុតហើយ។ លោកតា លោកយាយ ដែលពុំមានសិទ្ធិទទួលបានប្រាក់ ១០០០បាត ដែលរដ្ឋឲ្យ ថែមទាំងពុំមានស្មាតហ្វូនប្រើបែបនេះ គាត់ក៏អាចត្រូវការវាដើម្បីប្រើប្រាស់។ ដូចនេះប្រាក់ទាំងនេះគឺអាចទិញអាហារកំប៉ុង និងរបស់ប្រើប្រាស់មួយចំនួនសម្រាប់ចែកពួកគាត់ក៏គ្រប់គ្រាន់ណាស់ទៅហើយ រួមគ្នាធ្វើល្អទាំងអស់គ្នាណា»៕

អត្ថបទ៖ មេសា