ព័ត៌មាន October 9, 2019 lyda
ថៃណែនាំប្រព័ន្ធកាត់ពិន្ទុសម្រាប់អ្នកបើកបរ ដែលនឹងចូលជាធរមាននៅពាក់កណ្ដាលខែធ្នូ

ថៃ៖ ប្រព័ន្ធកាត់ពិន្ទុដែលត្រូវបានរចនាឡើងដើម្បីកែលម្អវិន័យរបស់អ្នកបើកបរ ត្រូវបានគ្រោងណែនាំសម្រាប់អ្នកបើកបរយានយន្ត និងអ្នកបើកបរម៉ូតូនៅពាក់កណ្តាលខែធ្នូ។ គេសង្ឃឹមថាប្រព័ន្ធនេះនឹងជួយកាត់បន្ថយការស្លាប់ និងរបួសនៅតាមដងផ្លូវពី ២,០០០-៤.០០០ ករណី រៀងរាល់ឆ្នាំ។ ពិន្ទុសរុបរបស់ប័ណ្ណបើកបរគឺ ១២ ហើយនឹងត្រូវកាត់ពិន្ទុពី system រាល់ពេលដែលអ្នកបើកបរបើកបរល្មើសនឹងច្បាប់ចរាចរណ៍។ នៅពេលដែលមិនមានពិន្ទុនៅសល់ ប័ណ្ណបើកបរនឹងត្រូវព្យួររយៈពេល ៩០ថ្ងៃ បន្ទាប់ពីនោះអ្នកបើកបរ ឬអ្នកជិះម៉ូតូ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលគ្រប់គ្រងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីទទួលបានប័ណ្ណបើកបរមាន ១២ពិន្ទុ ជាថ្មីវិញ។

ពិន្ទុដែលត្រូវកាត់ចេញគឺខុសគ្នាអាស្រ័យលើបទល្មើស ហើយបទល្មើសត្រូវបានបែងចែកជា ៤ ប្រភេទ៖

– ១ ពិន្ទុត្រូវបានអនុវត្តចំពោះបទល្មើស៖ ប្រើទូរស័ព្ទដៃពេលបើកបរ, បើកបរលើសល្បឿនកំណត់; មិនពាក់មួកសុវត្ថិភាព(ម៉ូតូ), មិនពាក់ខ្សែក្រវ៉ាត់(រថយន្ត), មិនបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ និងមិនឈប់ឱ្យអ្នកថ្មើរជើងបានឆ្លងផ្លូវពេលមានគំនូសបង្កង់។

– ២ ពិន្ទុត្រូវបានអនុវត្តចំពោះបទល្មើស៖ បើកបរពេលមានភ្លើងក្រហម, បើកបរបញ្ច្រាស, បើកបរ​មិន​ប្រុងប្រយ័ត្ន, បើកបរពេលដែលប័ណ្ណបើកបររបស់គាត់ត្រូវបានគេព្យួរ និងបើកបរក្នុងពេលស្រវឹង។

– ៣ ពិន្ទុត្រូវបានអនុវត្តចំពោះបទល្មើស៖ រៀបចំ ឬផ្សព្វផ្សាយការប្រណាំងតាមដងផ្លូវដោយគ្មានការអនុញ្ញាត, ប៉ះ​ហើយ​រត់, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន, បើកបរក្រោមឥទ្ធិពលនៃជាតិអាល់កុលលើសពី ១៥០មីលីក្រាម/មីលីលីត្រ។

– ៤ ពិន្ទុត្រូវបានអនុវត្តចំពោះបទល្មើស៖ បើកបរក្រោមឥទ្ធិពលជាតិអាល់កុលលើសពី ២០០មីលីក្រាម/មីលីលីត្រ, បើកបរក្នុងស្ថានភាពស្រវឹងដែលអាចបង្កឱ្យរងរបួសធ្ងន់ ឬស្លាប់ដល់អ្នកដទៃ, បើកបរក្នុងលក្ខណៈមិនគោរពសុវត្ថិភាពរបស់អ្នកដទៃ ឬបង្កបញ្ហាដល់អ្នកដទៃ៕

អត្ថបទ៖ លីដា