សង្គម October 9, 2019 mesa mesa
ទឹកចិត្តឪពុក! សុំដោយសារឡានអ្នកដទៃជិះដើម្បីជូនកូនទៅពេទ្យ ទោះខាងមុខពេញក៏សុំឲ្យកូនស្រីបានអង្គុយម្នាក់ផង ចំណែកគាត់សុខចិត្តជិះខាងក្រោយអើតមើលកូនតាមកញ្ចក់

ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយមានការបង្ហាញពីទឹកចិត្តស្រលាញ់របស់ឪពុកសុំឡានគេជិះដើម្បីបានជូនកូនស្រីទៅពេទ្យឆ្លុះ X-RAY។ ដោយកូនស្រីរបស់ខ្លួនមានជម្ងឺសួតធ្ងន់ធ្ងរមិនអាចជួយខ្លួនឯងបាន ដើរសឹងតែពុំរួច និងពិបាកធ្វើដំណើរដោយម៉ូតូ លោកអុំប្រុសម្នាក់នេះស្វះស្វែងរកជំនួយដោយដើរមកមាត់ផ្លូវដើម្បីស្កាត់ឡានឲ្យជួយជូនខ្លួន និងកូនស្រីទៅមន្ទីរពេទ្យ។

ព្រោះតែពុំមានប្រាក់គ្រប់គ្រាន់​ លោកតារូបនេះពុំទទួលបានរថយន្តមួយណាជួយសង្គ្រោះនោះឡើយ​ ហើយលោកតាក៏គ្មានប្រាក់សម្រាប់ហៅឡានមន្ទីរពេ្យឲ្យមកយកគាត់​ និងកូនទៅពេទ្យដែរ។ ជាសំណាងល្អលោកតាបានជួបប្តីប្រពន្ធចិត្តធម៌មួយគូ ដែលទើបនាំក្រុមគ្រួសារមកពីដើរលេងកម្សាន្តបានស្ម័គ្រចិត្តជូនគាត់ ប៉ុន្តែដោយឡានគាត់ជាឡាន Pick Up មានតែមួយក្បាំងកន្លះ ហើយខាងមុខមានមនុស្សពេញអស់អាចបញ្ច្រៀតបានតែម្នាក់ ទើបលោកតាសម្រេចចិត្តឲ្យកូនស្រីគាត់អង្គុយក្នុងឡាន ចំណែកខ្លួនឡើងទៅអង្គុយផ្នែកខាងក្រោយម្នាក់ឯង។

ទង្វើដ៏ល្អរបស់ក្រុមគ្រួសារអ្នកជួយយកអសារលោកតារូបនេះ ត្រូវបានមហាជនកោតសរសើរជាខ្លាំង។ ចំណែកឯទឹកចិត្តស្នេហា និងព្រួយបារម្ភចំពោះកូនស្រី ដែលលោកតាមានក៏ហាក់ជ្រួតជ្រាបក្នុងអារម្មណ៍មហាជនក្នុងបណ្តាញសង្គមដូចគ្នា ដោយគ្រប់គ្នាបានចែករំលែក ព្រមទាំងជូនពរឲ្យកូនស្រីរបស់គាត់ឆាប់បានធូរស្បើយពីជម្ងឺ៕

អត្ថបទ៖ មេសា