ព័ត៌មាន October 9, 2019 Khmernote
គួរឲ្យគោរពណាស់! ដឹងថាខ្លួនមិនអាចរស់បានយូរ ខំប្រឹងថែរក្សាកែវភ្នែក ដើម្បីទុកបរិច្ចាគឲ្យមន្ទីរពេទ្យក្រោយពេលស្លាប់

ចិន៖ ស្ត្រីមានជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន និងរង់ចាំតែថ្ងៃស្លាប់ម្នាក់ បានធ្វើរឿងគួរឲ្យគោរពបំផុតមួយគឺគាត់ព្យាយាមរក្សាសុខភាពភ្នែករបស់គាត់យ៉ាងខ្លាំង ដើម្បីអាចបរិច្ចាគកញ្ចក់ភ្នែករបស់គាត់ទៅកាន់មន្ទីរពេទ្យ ក្រោយពេលដែលគាត់ស្លាប់។ ស្ត្រីរូបនេះមានឈ្មោះថា Zhao  រស់នៅក្នុងខេត្ត Henan ភាគខាងជើងប្រទេសចិន។ តាមធម្មតាមនុស្សភាគច្រើនដែលស្ថិតនៅស្ថានភាពដូចលោកស្រី Zhao តែងតែបាក់ទឹកចិត្ត លែងគិតពីអ្វីទាំងអស់សូម្បីតែខ្លួនឯងនិងគ្រួសារ ហើយគ្មានពេលឯណាទៅគិតពីសុខទុកអ្នកដទៃឡើយ។

យ៉ាងណាក្តី ចំពោះករណីរបស់លោកស្រី Zhao  វិញ គឺគាត់មានគោលបំណងច្បាស់លាស់មួយត្រូវតែបរិច្ចាគភ្នែករបស់គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ជនរងគ្រោះផ្សេងទៀត។ ដូចនេះហើយលោកស្រី Zhao បានទៅពិនិត្យភ្នែក និងប្រើប្រាស់ថ្នាំបន្តក់ភ្នែកជាប្រចាំដើម្បីរក្សាសុខភាពភ្នែកឲ្យបានល្អប្រសើរដល់ថ្ងៃដែលគាត់ត្រូវស្លាប់។ ការលះបង់របស់គាត់ពិតជាមិនអត់ប្រយោជន៍ឡើយ ព្រោះក្រោយពេលដែលគាត់ស្លាប់ កញ្ចក់កែវភ្នែករបស់គាត់ត្រូវបានគេប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះចំនួនពីរនាក់មិនឲ្យពិការភ្នែកបាន៕

អត្ថបទ៖ ភក្តី