ព័ត៌មានជាតិ October 10, 2019 Khmernote
មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ​ និងស្រាវជ្រាវករណីពុលអាហារនៅហាងខារ៉ាអូខេមួយក្នុងក្រុងបាវិត

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច​ អាជ្ញាធរដែនដី​ និងតំណាងម្ចាស់ហាង បានធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវរកមូលហេតុ​ ករណីពុលអាហារនៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀងដែលបណ្តាលឱ្យ​ បុគ្គលិក​ហាងចំនួន​ ២៥​នាក់បានពុល​ បន្ទាប់ពីបរិភោគអាហារ​ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានសាកសួរព័ត៌មានពីជនរងគ្រោះ​ ពិនិត្យកន្លែងចម្អិនអាហារ​ និងបានដកយកវត្ថុធាតុដេីមនិងគ្រឿងផ្សំអាហារចំនួន ៣ មុខ​ រួមមាន មី ស្ពៃតឿ និងទឹកស៊ុប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានដើម្បីវិភាគ​ រកសារធាតុពុល​ ។ បន្ថែមពីនេះ​ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងចែកចាយគ្រឿងឧបភោគបរិភោគដែលផ្គត់ផ្គង់ឱ្យហាងខារ៉ាអូខេ និងបានដកយកគំរូផលិតផលមួយចំនួន​ បញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល