រថយន្ត October 10, 2019 lyda
GranAce Luxury MPV ពីក្រុមហ៊ុនតូយ៉ូតាចេញមុខហើយ មុនការបង្ហាញខ្លួនជាផ្លូវការនៅឯ “ពិព័រណ៍ម៉ូតូទីក្រុងតូក្យូ” ចុងខែនេះ

បន្ទាប់ពីដាក់ចេញនូវម៉ូដែល Granvia និង Lexus LM រួចមក ឥឡូវក្រុមហ៊ុនតូយ៉ូតា (Toyota) បានបញ្ចេញម៉ូដែលមួយទៀតគឺ GranAce ។ មីនីវ៉ាន់ថ្មីមួយនេះគឺផ្តោតលើទីផ្សារជប៉ុន បន្ទាប់ពីនឹងមានការបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍ម៉ូតូទីក្រុងតូក្យូ ឆ្នាំ2019 នៅថ្ងៃទី២៤ ខែតុលា ឆាប់ៗនេះ។ GranAce ស៊េរី 2020 ចេញពីពាក្យ Gran + Ace ដែល Gran ក្នុងភាសាអាឡឺម៉ង់មានន័យថា “ធំ” ឬ “អស្ចារ្យ” ហើយពាក្យ Ace គឺជាភាសាអង់គ្លេស។

មានប្រវែង 5,300mm (មីលីម៉ែត្រ), ទទឹង 1,970mm និងកម្ពស់ 1,990mm ។ GranAce មានប្រវែងវែងជាង 35mm និងធំជាង 20mm ធៀបនឹងម៉ូដែល HiAce ហើយទាំងពីរម៉ូដែលនេះគឺមានតួកង់ប៉ុនគ្នា 3,210mm។ ចំណែកភ្លើងដឺមី LED, កាងមុខធំ និងប្រព័ន្ធភ្លើងផ្សេងទៀត បានធ្វើឱ្យ GranAce កាន់តែលេចធ្លោ។ ផ្នែកខាងក្នុងតូយ៉ូតាបានរក្សាប្លង់ដដែល ទោះបីជាវាជួយពង្រឹងមីនីវ៉ាន់ជាមួយនឹងវត្ថុធាតុដើមល្អៗក៏ដោយ។ រថយន្តម៉ាកតូយ៉ូតាថ្មីនេះនឹងចេញជាពីរប្រភេទផ្សេងគ្នា ដោយផ្តល់ជូនកន្លែងអង្គុយចំនួន 6 (3ជួរ) និង 8 (4ជួរ) ។

សម្រាប់ថាមពលវាជ្រើសរើសម៉ាស៊ីនម៉ាស៊ូត 1GD ទំហំ 2.8លីត្រ ដែលភ្ជាប់ទៅនឹងប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។ Specs នៅមិនទាន់បញ្ចេញនៅឡើយ ប៉ុន្តែវាមានកម្លាំង output 3 ឱ្យរើសដូចជា៖ កម្លាំង 156 និង 163PS (154-161hp/115-120kW) និងកម្លាំងបង្វិល 420Nm (310lb-ft) ដូច HiAce, កម្លាំង 177PS (175hp/130kW) និងកម្លាំងបង្វិល 450 Nm (332 lb-ft)។ GranAce បំពាក់ដោយកញ្ចប់ប្រព័ន្ធសុវត្តិភាព Toyota Safety Sense ។

អត្ថបទ៖ លីដា