បច្ចេកវិទ្យា October 11, 2019 Khmernote
Qualcomm ទំនងដាក់បង្ហាញបន្ទះឈីបនាគរាជ 865 ជំនាន់ថ្មីរបស់ខ្លួននៅខែក្រោយនេះ

មនុស្សភាគច្រើនបាននាំគ្នារំពឹងទុកថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី Qualcomm នឹងដាក់បង្ហាញផលិតផលជំនាន់ថ្មីរបស់ខ្លួននៅខែធ្នូខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះទើបមានការអះអាងមួយពីប្រភពវេបសាយបច្ចេកវិទ្យាចិន WCCFtech ថា Snapdragon 865 នឹងត្រូវក្រុមហ៊ុនបង្ហាញនៅក្នុងខែក្រោយនេះហើយ។

ផែនការបង្ហាញជំនាន់ថ្មីរបស់ខ្លួនលើកនេះត្រូវបានគេមើលឃើញថា ដោយសារតែក្រុមហ៊ុន Qualcomm មិនចង់ឲ្យខ្លួនមានគំលាតកាន់តែឆ្ងាយក្នុងការប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុន Huawei ដែលទើបតែបានបង្ហាញអំពីបន្ទះឈីបថ្មីរបស់ខ្លួនគឺ Kirin 990 នោះ។

<

លើសពីនោះ Snapdragon ជំនាន់ថ្មីនេះក៏នឹងអាចប្រកួតប្រជែងក្នុងកម្រិតប្រហាក់ប្រហែលគ្នានទៅនឹងបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ A13 Bionic ផងដែរ។

តាមរយៈរបាយការណ៍នោះផងដែរក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនដែលនឹងដំណើរការដំបូងជាមួយនឹង Snapdragon 865 នោះអាចមានដូចជា Samsung, Oppo, Vivo និង Xiaomi ជាដើមខណៈដែលទូរស័ព្ទម៉ូដែលដំបូងនោះគឺ Galaxy S11 ដែលនឹងត្រូវបំពាក់ជាមួយនឹងបន្ទះឈីបមួយនេះ៕

អត្ថបទ៖ Lee