ព័ត៌មានជាតិ October 12, 2019 Khmernote
ស្នងការខេត្តបាត់ដំបង បង្ហាញមុខសញ្ញាជាជនសង័្សយ​ដែលធ្លាប់បានធ្វើសកម្មភាពលួច-ឆក់ទ្រព្យសម្បត្តិ ស្របពេលពិធីអំុទូកនៅខេត្តបាត់ដំបងបានចាប់ផ្តើម

បាត់ដំបង៖ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីអំុទូក នៅខេត្តបាត់ដំបង ដែល​ប្រព្រឹត្តិទៅចាប់ពីថ្ងៃសៅរ៍ ១៤ កើត ខែ អស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ទី ១២ និងទី ១៣ ខែ តុលា ឆ្នាំ២០១៩ នេះស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំង បានបង្ហាញរូបភាពមុខសញ្ញាជាជនសង័្សយ​ដែលធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពល​រដ្ឋ ក្នុងទីប្រជុំជន​ឬពិធីកម្សាន្ត សប្បាយផ្សេងៗ​នាពេលកន្លងទៅ ។

ការផ្សព្វផ្សាយនូវរូបភាពនាពេលនេះគឺជាការរួមចំណែកក្នុងភារកិច្ចបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលករណី​នេះអាចកើតឡើងដោយក្រុមជនសង័្សយ​មួយចំនួនដែលតែងតែឆ្លៀតឳកាសធ្វើសកម្មភាព​ល្មើស​ច្បាប់ក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយឬទីប្រជុំជនហើយ​មិនបានប្រុ​ងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបាន​ឃើញមនុស្សដូចមានក្នុងរូបភាពខាងលើ និងមានហេតុផលគួរសង័្សយដោយកិរិយាណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិឬអាចរាយការណ៍មកសមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬនគរបាលដែលប្រចាំការនៅទីបញ្ជាការស្រាលក្នុងពិធីអំទូកស្ថិតនៅខាងមុខសណ្ឋាគារក្លាស៊ី ឬតាមរយៈលេខទូរស័ព្ទ៖
-092 232 337
-012 654 449
-012 384 954
-095 868 886
-092 935 544
-092 229 667

បញ្ជាក់ថាករណីម្ចាស់រូបភាពខាងលើបាន​ឃើញ ហើយច្បាស់លាស់ថា រហូតដល់ពេលបច្ចុប្បន្ន ខ្លួនពិតជាបាន កែប្រែរួចហើយនូវសកម្មភាពដែលពាក់ព័ន្ធផ្ទាល់ខ្លួននាពេលកន្លងទៅ សាមីខ្លួនអាចផ្តល់ព័ត៌មានមកអង្គភាពស្នង​ការ​ដ្ឋាន​​នគរបាល ខេត្តបាត់ដំបង តាមរយៈលេខ​ទូរ​ស័ព្ទខាងលើ ស្នងការដ្ឋាននឹងពិនិត្យពិចារណាចំពោះរូបភាពរបស់សាមីខ្លួននោះ។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​មានក្តីសង្ឈឹមយ៉ាងមុតមាំចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើឲ្យពិធីអំទូកនៅក្នុងខេត្តបាត់ដំបងរបស់យើងបាន​ប្រព្រឹត្តិទៅដោយបរិយាកាសសប្បាយរីករាយនិងប្រកបដោយសន្តិសុខល្អប្រើសើរបំផុត សូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង