សុខភាព October 30, 2019 Khmernote
ខោអាវក្នុងជាបណ្តុំបាក់តេរី មិនដឹងវិធីបោក ដឹងតែសម្លាប់មេរោគមិនអស់ទេ

ទោះជា​យើងធ្វើការ​នៅក្នុង​បន្ទប់មាន​ម៉ាស៊ីនត្រជាក់​ក៏ដោយ តែ​ខោក្នុង អាវក្នុង​របស់​យើង បាន​ប្រឡាក់ជាប់​បាក់តេរី និងមេរោគ​ជាច្រើន ពីរាងកាយ​របស់​យើង ហើយ​អ្នកជំនាញ​ផ្នែក​អនាម័យ​បញ្ជាក់​ថា យើង​បោកគក់​វាមិន​បាន​ត្រឹមត្រឹម​ទេ និង​មិនអាច​សម្លាប់​មេរោគ​បាន​ទាំងស្រុង​នោះទេ។

<

វេជ្ជបណ្ឌិត​ផ្នែក​អនាម័យ Lisa Ackerley នៅ​អង់គ្លេស បញ្ជាក់​ថា ការបោកគក់​ខោក្នុង អាវក្នុង នៅកម្រិត​សីតុណ្ហភាព ៣០-៤០​អង្សាសេ មិន​អាច​សម្អាត និង​សម្លាប់​ពពួក​បាក់តេរី​បាន​នោះទេ។ លោកស្រី​ណែនាំ​ឲ្យ​បោកគក់​ក្នុង​កម្រិត​សីតុណ្ហភាព លើស ៦០​អង្សាសេ។

ប៉ុន្ដែប្រសិន​បើមិន​អាច​បោកគក់​ខោក្នុង អាវក្នុង នៅ​កម្រិត​សីតុណ្ហភាព​ខ្ពស់​បាន​ទេ វេជ្ជបណ្ឌិត​ខាងលើ ណែនាំ​ឲ្យ​ប្រើទឹកអនាម័យ​សម្រាប់បោកគក់ (Laundry Sanitiser) ដែល​អាចរកទិញ​បាន​នៅ​តាម​ផ្សារទំនើប។

ចំណែក​វេជ្ជបណ្ឌិត Jenna Macciochi ជំនាញ​ផ្នែក​ប្រព័ន្ធ​ការពារ នៅ​សាកលវិទ្យាល័យ Sussex នៅចក្រភព​អង់គ្លេស បញ្ជាក់​ថា ប្រសិនបើ​អនាម័យ ជាអាទិភាព​សំខាន់​បំផុត ការ​បោកគក់​នៅ​កម្រិត​សីតុណ្ហភាព ៦០​អង្សាសេ ក៏មិនគ្រប់គ្រាន់​ដែរ។ “៦០​អង្សាសេ មិនអាច​សម្លាប់​បាក់តេរី​ទាំងស្រុង​ទេ ជាពិសេស ប្រសិនបើ​ម៉ាស៊ីន​ឈានដល់​កម្រិត​សីតុណ្ហភាព​នេះ ត្រឹមរយៈពេល​ខ្លី… ភាគច្រើន ម៉ាស៊ីនមិន​អាច​រក្សា​កម្រិត​សីតុណ្ហភាព​នេះ រហូត​បោកគក់​រួចរាល់​នោះទេ“។

លោកវេជ្ជបណ្ឌិត​ក៏បាន​លើកឡើង​ដែរថា សំលៀកបំពាក់​ខ្លះ មាន​សារធាតុ​ប្លាស្ទិក ដូច្នេះ​យើង​មិនអាច​បោកគក់​នៅ​កម្រិត​សីតុណ្ហភាព​ខ្ពស់​នោះទេ ដូច្នេះ​វាគួរ​បោកគក់​នៅសីតុណ្ហភាព​កម្រិត​ទាប។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ