សុខភាព October 31, 2019 Khmernote
ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ

បាល់ទាត់ ជាកីឡាដ៏មាន​ប្រជាប្រិយភាព​មួយ ហើយ​ក្មេងៗ​ជាច្រើន ចូលចិត្ត​លេងវា​ណាស់។ ប៉ុន្ដែ បើតាម​អ្នកជំនាញ​រោគសាស្ត្រ បញ្ជាក់​ថា ក្មេងៗ ដែលប្រើ​ក្បាលតែត​បាល់ ប្រឈម​នឹង​បញ្ហា​របួស​ខួរក្បាល និង​អាចឈាន​កើត​ជំងឺខួរក្បាល​ជាច្រើន​ប្រភេទ។

<

លោកវេជ្ជបណ្ឌិត Bennet Omalu សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា រាល់ពេល ក្មេងៗ​ក្រោម​អាយុ ១៨​ឆ្នាំ ប្រើ​ក្បាល​តែតបាល់​ម្ដងៗ វា​បណ្ដាល​ឲ្យ​របួស​ខួរក្បាល (Microscopic Injuries) ដែល​កំពុង​លូតលាស់ និង​បណ្ដាល​ឲ្យ​ខូច​កោសិកា​ខួរក្បាល។ លោក​បន្ថែម​ថា ការប្រើក្បាល​តែតបាល់​នេះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង នៅប៉ុន្មាន​ឆ្នាំ​ខាងមុខ។

នៅឆ្នាំ២០០២ លោក​វេជ្ជបណ្ឌិត Bennet Omalu ត្រូវ​ចាត់​ឲ្យ​ធ្វើ​កោសល្យវិច័យ​លើ​វិរបុរស​បាល់ទាត់​អាមេរិក Mike Webster។ មូលហេតុ​បណ្ដាលឲ្យ​ស្លាប់ គឺជំងឺ​គាំងបេះដូង ប៉ុន្ដែ​លោកវេជ្ជបណ្ឌិត​បាន​ពិនិត្យ​លើ​បម្រែបម្រួល​នានា លើ​ខួរក្បាល។ លោក​រកឃើញ​ថា វិរបុរស​បាល់ទាត់អាមេរិក កើត​ជំងឺ Chronic Traumatic Encephalopathy ជាជំងឺ​សរសៃប្រសាទ​គ្មាន​ការលូតលាស់ ដោយសារតែ​របួស​ខួរក្បាល​ញឹកញាប់។

ជាមួយ​គ្នានេះ លោកបាន​ណែនាំ​ឲ្យ​ក្មេងៗ កែប្រែ​ទម្លាប់​លេងបាល់ ដោយ​កុំប្រើ​ក្បាលតែត​បាល់ ដោយសារ​ការប្រើក្បាល​តែតបាល់​កាន់តែ​ច្រើន ប៉ះពាល់​ខួរក្បាល​កាន់តែ​ខ្លាំង មិនថា​យើង​ស្ថិតនៅ​វ័យណា​នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ