សង្គម November 1, 2019 Khmernote
ជប៉ុនជួយទៀតហើយ! ជប៉ុនផ្តល់ប្រាក់ជិត៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ដែលមានទឹកប្រាក់ចំនួន ២ ៧៧៧ លានយ៉េន (ប្រមាណជា ២៧ លានដុល្លារអាមេរិក)។

<

គម្រោងនេះមានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅបឹងជើងឯក និងបំពង់បង្ហូរទឹកកខ្វក់ ដែលមានប្រវែង ២ ០០០ម៉ែត្រ មានមុខកាត់ ៥០០ ម.ម តភ្ជាប់ពីស្ថានីយ៍បូមបឹងត្របែក។ ការសាងសង់នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ៣២ខែ៕

អត្ថបទ៖ សេម