បច្ចេកវិទ្យា November 6, 2019 lyda
គណៈកម្មការសន្តិសុខអាមេរិកព្រមានអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន លើបច្ចេកវិទ្យា AI

គណៈកម្មការសន្តិសុខជាតិស្តីពីភាពវៃឆ្លាតសិប្បនិម្មិតរបស់អាមេរិកបានព្រមានអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កាលពីថ្ងៃច័ន្ទនេះ។ របាយការណ៍បាននិយាយថា ចិនចង់ក្លាយជាមេដឹកនាំពិភពលោកនៅក្នុងបច្ចេកវិទ្យា AI នៅឆ្នាំ២០៣០ ក៏ដូចជាប្រឈមនឹងសហរដ្ឋអាមេរិកទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ វាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការជឿនលឿនរបស់ចិនក្នុងការអភិវឌ្ឍ AI និងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុងប៉េកាំងសម្រាប់គោលបំណងឃ្លាំមើល។

របាយការណ៍នេះសង្កត់ធ្ងន់លើតម្រូវការសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការវិនិយោគបន្ថែមទៀតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិក។ របាយការណ៍នេះក៏ព្រមានប្រឆាំងនឹងការរឹតត្បិតកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចអាមេរិក និងចិន និងស្ថាប័នស្រាវជ្រាវក្នុងវិស័យ AI ។ វានិយាយថាសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងការលំបាកក្នុងការជួលអ្នកជំនាញ AI ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវរងគ្រោះថ្នាក់ជាលទ្ធផល។

លោក Eric Schmidt ប្រធានគណៈកម្មការ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google បាននិយាយថា គណៈកម្មាធិការនេះនឹងផ្តល់អនុសាសន៍ស្តីពីវិធីដែលសហរដ្ឋអាមេរិកគួរតែធ្វើឱ្យមានតុល្យភាពការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅក្នុងតំបន់នេះនៅក្នុងរបាយការណ៍ចុងក្រោយដែលនឹងត្រូវចេញផ្សាយនៅដើមឆ្នាំ២០២១។ ការយកចិត្តទុកដាក់ផ្តោតលើ ថាតើរបាយការណ៍បណ្តោះអាសន្ននឹងមានផលប៉ះពាល់ដល់គោលនយោបាយជាតិដែរ ឬទេ? ចំពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei និងក្រុមហ៊ុនចិនផ្សេងទៀតដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខនេះ៕

អត្ថបទ៖ លីដា