សុខភាព November 6, 2019 Khmernote
ធ្លាប់រមាស់ចន្លោះម្រាមជើងទេ? នេះមូលហេតុបង្ក

ប្រហែល​មាន​គ្នាយើង​ខ្លះ ធ្លាប់ជួប​បញ្ហា​រមាស់​ចន្លោះម្រាម​ជើងនេះ​ហើយ ដោយ​វារំខាន ធ្វើ​ឲ្យ​​នៅ​មិនសុខ​។ មាន​មូលហេតុ​បង្កជាច្រើន ដូចជា ការ​ប៉ះពាល់​ជាមួយ​ពពួក​ផ្សិត (Fungus) ឬសត្វល្អិត​ខាំ ឬ​ស្ថានភាព​រ៉ាំរ៉ៃ ដូចជា ជំងឺសើរស្បែក​ជាដើម។ ក្រៅពីនេះ នៅមានដើមចមមួយ​ចំនួន​ទៀត។

<

១. ការឆ្លងមេរោគផ្សិត(ទឹកស៊ីជើង) Athlete’s Foot

ជំងឺទឹកស៊ីជើង (Athlete’s Foot) អាចបណ្ដាល​ឲ្យស្បែក​ប្រេះ និង​ក្រហមនៅ​ចន្លោះ​ម្រាមជើង និង​លើខ្នងជើង។ វាក៏អាច​បណ្ដាល​ឲ្យ​រមាស់​នៅ​ចន្លោះម្រាម​ជើង​ផងដែរ ហើយ​បើមេរោគ​នេះ រាលដាល​ទៀត បញ្ហា​រមាស់ និង​រលាក ក៏រាលដាល​ដែរ។

២. ជំងឺត្រអក (Dyshidrotic Eczema)

Dyshidrotic Eczema ជាជំងឺ​ត្រអក​មួយប្រភេទ ដែល​កើតឡើង​លើ​មនុស្ស​ពេញវ័យ ពី​អាយុ ២០-៤០​ឆ្នាំ។ ជំងឺនេះ បណ្ដាល​ឲ្យ​រមាស់ ឡើងពងបែក លើ​ម្រាមជើង និង​លើខ្នងជើង ហើយ​ក៏អាច​កើត​លើដៃផងដែរ។ ករណី​ខ្លះ វាបណ្ដាល​ឲ្យ​ក្រហម និង​ប្រេះស្បែក​ផងដែរ។

៣. រលាកដោយសារស្បែកជើង

ស្បែកជើងខ្លះ មាន​ផ្ទុក​សមាសធាតុ​គីមី​មួយ​ចំនួន ដែល​បណ្ដាល​យើង​រលាក​ជើង នៅពេល​យើង​ពាក់​វា ហើយ​ករណី​ខ្លះ វាបណ្ដាល​មកពី​ស្បែកជើង​មាន​ផ្ទុក​សមាសធាតុ ដែល​យើង​មាន​បញ្ហា​អាលែហ្ស៊ី​ជាមួយ។ បញ្ហា​រលាកដោយសារស្បែកជើង​នេះ បណ្ដាល​ឲ្យ​ជើងរបស់​យើង​រមាស់។

៤. សត្វល្អិតខាំ

បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង​ខ្លះ បណ្ដាល​មកពី​សត្វល្អិត​ខាំ ឬទិច។ ករណីនេះ យើង​អាច​សម្គាល់​លើ​ទំហំ​នៃ​ទីតាំង​រមាស់ ដែល​ហើម និង​ក្រហម។

៥. ព្រូនទំពក់

ព្រូនទំពក់ ជា​ប្រភេទ​ប៉ារ៉ាស៊ីត​ពោះវៀន ដែល​អាច​ចូល​ក្នុង​ស្បែក​របស់​យើង តាមរយៈ​ជើង ប្រសិន​បើ​យើង​ដើរ​លើដី​ដែល​មាន​ពពួក​ព្រូន​ទំពក់។ រោគសញ្ញា មានដូចជា រមាស់​ត្រង់​កន្លែង​ដែល​ព្រូន​បាន​ជ្រៀត​ចូល បន្ទាប់មក​រាក ចង់ក្អូត ឈឺពោះ និង​គ្រុនក្តៅ។

ក្នុងករណី​យើងមិន​ច្បាស់ថាតើ​បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង បណ្ដាល​មកពី​មូលហេតុ​អ្វី ជម្រើស​ល្អ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ ព្យាបាល និង​តាមដាន។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ